កម្ពុជាចុះ MOU ផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោត ៤០ ម៉ឺនតោន ទៅវៀតណាម ក្នុងរយៈពេល ២ឆ្នាំ

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ ក្រុមហ៊ុនកម្ពុជា និងវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការផ្គត់ផ្គង់ដំឡូងមីក្រៀម និងពោតក្នុងបរិមាណសរុប ៤០ ម៉ឺនតោន ក្នុងរយៈពេល ២ឆ្នាំ ដោយមានតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមជាគណៈធិបតី និងជាសាក្សី។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅសណ្ឋាគារ Daewoo Hotel ទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន VIETNAM GREENHOUSE MTV COMPANY LIMITED ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប។

ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB ឯកឧត្តម ចាន់ សីហា អគ្គនាយករង ARDB រួមជាមួយសហការី បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

កិច្ចសហប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាមានសារៈសំខាន់សម្រាប់ការពង្រីកទីផ្សារនាំចេញដំឡូងមី និងពោតរបស់កម្ពុជា ព្រមទាំងការពង្រីកខ្សែចង្វាក់ផលិតកម្មកសិកម្ម និងបង្កើនទីផ្សារប្រកបដោយស្ថិរភាពសម្រាប់ប្រជាកសិករ។

តាម ARDB កិច្ចសហការនេះក៏នឹងរួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងជីវភាពរបស់កសិករ គាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម និងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។

ជាមួយគ្នានេះ កិច្ចព្រមព្រៀងនេះត្រូវបានមើលឃើញថា ជាមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។

ក្នុងនាមជាធនាគារដែលមានតួនាទីគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ARDB បញ្ជាក់ថា ខ្លួននឹងបន្តយកចិត្តទុកដាក់លើការជំរុញការតភ្ជាប់រវាងអ្នកផលិត អ្នកផ្គត់ផ្គង់ និងទីផ្សារ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មកម្ពុជា និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ី