កម្ពុជាស្នើអាល្លឺម៉ង់ជួយទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបមកវិនិយោគនៅកម្ពុជា

តាមដានជាមួយយើង៖ Million Times

ភ្នំពេញ៖ កម្ពុជាបានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តគាំទ្រវិស័យអាទិភាព និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបឱ្យមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងគាំទ្រគោលដៅចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។

ការស្នើនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកជំទាវចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Silke Röfer ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-អាល្លឺម៉ង់ ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាកន្លងមក។

ជាក់ស្តែង ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧លានដុល្លារអាម៉េរិក តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ ក្នុងនោះ ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសមានចំនួន ៧៦២លានដុល្លារអាម៉េរិក ខណៈឥណទានសម្បទានមានចំនួន ១២៥លានដុល្លារអាម៉េរិក។

ហិរញ្ញប្បទាននេះបានគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ អភិវឌ្ឍន៍ជនបទ ថាមពល សុខាភិបាល គាំពារសង្គម ការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ វាយនភណ្ឌ និងអភិបាលកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីសម្រេចគោលដៅចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ កម្ពុជាចាំបាច់ត្រូវរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការបន្តកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងបំណុលសាធារណៈ ការបង្កើនមូលធនក្នុងស្រុក និងការដាក់ចេញគោលនយោបាយលើកទឹកចិត្តការវិនិយោគ។

ជាពិសេស កម្ពុជាត្រូវការទាញយកសក្តានុពលមូលធនឯកជនពីវិនិយោគិនបរទេស និងដៃគូវិនិយោគ ដើម្បីបង្កើនសកម្មភាពវិនិយោគនៅក្នុងទីផ្សារកម្ពុជា ព្រមទាំងបន្តអនុវត្តកម្មវិធីកែទម្រង់អាទិភាពផ្សេងៗទៀត។ ក្នុងន័យនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានស្នើឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បន្តផ្តល់ការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា និងជួយសម្របសម្រួលទាក់ទាញវិនិយោគិនអាល្លឺម៉ង់ និងអឺរ៉ុបឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

ជាការឆ្លើយតប លោកជំទាវ Silke Röfer បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។

លោកជំទាវបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការបន្តគាំទ្រការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា តាមរយៈ KfW និង GIZ ស្របតាមវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងបានលើកឡើងពីចំណាប់អារម្មណ៍របស់វិស័យឯកជនអាល្លឺម៉ង់ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យដែលមានសក្តានុពល។

ជាចុងក្រោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបាននិងកំពុងបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងបានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតឱ្យទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕

អត្ថបទ៖ ប៊ី