អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ចូលរួម​ពិភាក្សា​ពី​ដំណោះស្រាយ​ហិរញ្ញប្បទាន​សម្រាប់​ ​MSM​Es ​តាមរយៈ​ថ្នាល​ឌីជីថល

តាមដានជាមួយយើង៖ Million Times

​ភ្នំពេញ​៖​ ​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ SAM ​SN ​Group ​និង​ជា​អនុ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច ​និង​មធ្យម​កម្ពុជា​ ​(​FASME​C​) ​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​ការ​ពង្រឹង​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ តាមរយៈ​ទិន្នន័យ​ ​និង​ថ្នាល​ឌីជីថល ​ក្នុង​ឱកាស​វេទិកា​ថ្នាក់​ជាតិ​ស្តីពី​ហិរញ្ញប្បទាន​សម្រាប់​ ​MSM​Es ​លើក​ទី​១ ​ឆ្នាំ​២០២៦​។

​កិច្ច​ពិភាក្សា​ទី​៤ ​នៃ​វេទិកា​ ​ដែល​ប្រព្រឹតិ្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៨ ​ខែ​តុលា ​កន្លង​នេះ ​បាន​ប្រមូលផ្តុំ​តំណាង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ ​សមាគម​ធុរកិច្ច​ ​និង​ក្រុមហ៊ុន​ព័ត៌មាន​ឥណទាន ​ដើម្បី​ពិភាក្សា​អំពី​តួនាទី​របស់​ទិន្នន័យ ​និង​ថ្នាល​ឌីជីថល​ក្នុង​ការ​កាត់បន្ថយ​គម្លាត​ព័ត៌មាន​ ​និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រាស​។

​បញ្ហា​សំខាន់​មួយ​ដែល​ត្រូវ​បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​ ​គឺ​គម្លាត​ព័ត៌មាន​រវាង​ MSM​Es ​និង​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​។​ សហគ្រាស​ជា​ច្រើន​នៅ​ខ្វះ​ព័ត៌មាន​អំពី​ប្រភព ​និង​ផលិតផល​ហិរញ្ញប្បទាន​ ​ខណៈព័ត៌មាន​ដែល​មាន​ស្រាប់​នៅ​ខ្ចាត់ខ្ចាយ​តាម​ប្រភព​ផ្សេង​ៗ​។ ​ជាមួយគ្នា​នេះ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ក៏​ប្រឈម​នឹង​ការ​ខ្វះ​ទិន្នន័យ​អាជីវកម្ម​ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ ​ដើម្បី​វាយតម្លៃ​សមត្ថភាព​របស់​សហគ្រាស​ក្នុង​ការ​ទទួល ​និង​សង​ឥណទាន​។

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​កិច្ច​ពិភាក្សា​បាន​លើកឡើង​ពី​ការ​បង្កើត​ថ្នាល​ឌីជីថល​រួមមួយ ​ដែល​អាច​តភ្ជាប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ ​និង​ផ្តល់​លទ្ធភាព​ឱ្យ​ MSM​Es ​ស្វែងរក​ព័ត៌មាន​អំពី​ប្រភព​ហិរញ្ញប្បទាន ​អ្នក​ផ្គត់ផ្គង់​ ​និង​សេវា​គាំទ្រ​អាជីវកម្ម​នៅ​កន្លែង​តែ​មួយ​។ ការ​អភិវឌ្ឍ​ថ្នាល​នេះ​ត្រូវការ​ការ​គាំទ្រ​ ​និង​សម្របសម្រួល​ទិន្នន័យ​ពី​ស្ថាប័ន​រដ្ឋ​ ​និយ័ត​ករ ​និង​វិស័យ​ឯកជន​។

​កិច្ច​ពិភាក្សា​ក៏​បាន​លើកឡើង​ពី​សក្តានុពល​នៃ​ប្រតិបត្តិការ​ឌីជីថល​តាម​ប្រព័ន្ធ​បាគង ​និង​ K​HQ​R ​ក្នុង​ការ​បង្កើត​កំណត់​ត្រា​ហិរញ្ញវត្ថុ​សម្រាប់​ ​MSM​Es ​ប្រើប្រាស់​ក្នុង​ការ​ស្នើសុំ​ឥណទាន​។ ​កំណត់​ត្រា​ទាំង​នេះ​អាច​ជួយ​ឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​សកម្មភាព​អាជីវកម្ម ​និង​ពង្រីក​ជម្រើស​ក្នុង​ការ​វាយតម្លៃ​ឥណទាន​។

ទន្ទឹម​នេះ​ ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ពង្រីក​ជម្រើស​ហិរញ្ញប្បទាន ​ដូចជា​ ​ហិរញ្ញប្បទាន​តាម​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​ហិរញ្ញប្បទាន​ដោយ​ផ្អែក​លើ​ទ្រព្យ​ចលនា​ ​និង​កិច្ចសន្យា​ ​ព្រមទាំង​ឥណទាន​ដែល​មាន​ការ​ធានា​ពី​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ ​(​CG​C​C​)​។​ ​វិធីសាស្ត្រ​ទាំងនេះ​ក៏​អាច​ជួយ​ឱ្យ​ការ​វាយតម្លៃ​ផ្តោត​លើ​សក្តានុពល​អាជីវកម្ម​ ​ជា​ជាង​ពឹងផ្អែក​តែ​លើ​ទ្រព្យ​ធានា​។

​ចំពោះ​ MSM​Es ​ការ​ត្រៀមខ្លួន​របស់​សហគ្រាស​ក៏​ជា​កត្តា​សំខាន់​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​។ សហគ្រាស​ត្រូវ​ចុះ​បញ្ជី​អាជីវកម្ម​ ​រៀបចំ​កំណត់​ត្រា​ហិរញ្ញវត្ថុ​ជា​ទម្រង់​ឌីជីថល ​និង​ស្វែងយល់​ពី​ប្រភេទ​ហិរញ្ញប្បទាន​ដែល​សមស្រប​នឹង​តម្រូវការ​របស់​ខ្លួន រួម​មាន​ ​ឥណទាន​ ​មូលធន ​ឬ​ជំនួយ​ឥត​សំណង​។

​ជាមួយគ្នា​នេះ​ ថ្នាល​ឌីជីថល​គួរតែ​មាន​ភាព​ងាយស្រួល​ប្រើប្រាស់ ​និង​ភ្ជាប់​ជាមួយ​ការ​បណ្តុះបណ្តាល​ចំណេះ​ដឹង​ឌីជីថល ​ដើម្បីឱ្យ​ ​MSM​Es ​គ្រប់​ទំហំ​អាច​ប្រើប្រាស់​បាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

កិច្ច​ពិភាក្សា​បាន​បង្ហាញ​ថា​ ​ទិន្នន័យ​គ្រប់គ្រាន់ ​និង​អាច​ជឿ​ទុកចិត្ត​បាន​ ​អាច​ជួយ​កាត់បន្ថយ​គម្លាត​ព័ត៌មាន​ ​ធ្វើឱ្យ​ការ​វាយតម្លៃ​ឥណទាន​កាន់តែ​ច្បាស់លាស់ ​និង​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​របស់​ MSM​Es​។​

​ទោះជា​យ៉ាងណា​ ​ការ​បង្កើត​ថ្នាល​ឌីជី​ថល​រួម​ឱ្យ​ទទួល​បាន​ជោគជ័យ​ ​ទាមទារ​កិច្ច​សហការ​រវាង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​ ​និយ័ត​ករ ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​និង​វិស័យ​ឯកជន ​ដោយ​ត្រូវ​ធានា​ថា​ ថ្នាល​នេះ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​របស់​សហគ្រាស ​និង​ជួយ​សម្រួល​ដល់​ការ​ស្វែងរក​ហិរញ្ញប្បទាន​របស់​ពួក​គេ​៕

អត្ថបទ៖ ប៊ី