សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ណែនាំ​ឱ្យ​សាលា​រដ្ឋទាំងអស់ ​ត្រូវ​មាន​ស្ដង់ដារ តែ​មួយ​

សម្តេច​មហាបវរធិបតី​ ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រកម្ពុជា ​បាន​ណែនាំ​ឱ្យ​សាលា​បឋមសិក្សា​រដ្ឋ​ទាំងអស់ ត្រូវ​តែ​មាន​ស្ដង់ដារ​តែ​មួយ ​និង​ឱ្យ​ឈប់​បង្កើត​សាលា​ជំនាន់​ថ្មី សាលា​គំរូ ​អ្វីបន្ថែម​ទៀត​ទៅ។

តាមដានជាមួយយើង៖ Million Times

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​និទ្ទេស A ពី​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ (បាក់ឌុប) ​សម័យប្រឡង ១០ សីហា ដោយ​នាព្រឹកថ្ងៃ ២៨ ខែតុលា ​ឆ្នាំ ២០២៦ នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត ​បាន​ប្រកាស​ឱ្យ​សាលា​រដ្ឋ​ទាំង​អស់​ នៅ​ប្រទេស​កម្ពុជា​ត្រូវ​តែ​មាន​ស្ដង់ដារ​តែ​មួយ​។ ​លើស​ពី​នេះ ​សម្ដេច​ក៏​បាន​បដិសេធ​រួច​ហើយ​ដែរ ចំពោះ​ការ​ស្នើសុំ​របស់​គណៈកម្មាធិការជាតិ​ជំរុញការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​វិស័យ​អប់រំ​ ក្នុងការពង្រីក​សាលា​រៀន​គំរូ ​គ.វ.អ. ​( គ្រូបង្រៀន វិន័យ និងអភិបាលកិច្ច)។

ដោយ​ឡែក​សាលា​គំរូ ​គឺ​បង្កើត​ឡើង​ ដើម្បី​សាកល្បង​ប៉ុណ្ណោះ ដើម្បី​យក​បទ​ពិសោធន៍​របស់​សាលា​នេះ​ ទៅអនុវត្តនៅទូទាំងប្រទេស​ មិនមែន​ជា​ការ​ពង្រីក​សាលាគំរូ ក្នុង​ចំនួន​ណាមួយ ៥០០ ទៅ ១ ០០០ កន្លែង នាំឱ្យមានស្តង់ដារ ២ ក្នុងប្រព័ន្ធអប់រំឡើយ​។ ទិសដៅរបស់រដ្ឋាភិបាល គឺ​សាលាបឋម​សិក្សាដែលមាន ៧ ០០០ ទៅ ៨ ០០០ កន្លែងទូទាំងប្រទេស គឺ​ត្រូវ​ជាគំរូទាំង​អស់ដែល​មាន​ស្តង់ដារអប់រំ​តែមួយ។​

«គោលដៅ​ខ្ញុំមិន​ត្រូវពង្រីកសាលា ​គ.វ.អ ឬ សាលាគំរូ ៥០០ទៅ ១០០០កន្លែង គឺអត់ទេ។ គោល​គំនិត​ធំរបស់ខ្ញុំ ​មិនត្រូវបង្កើតស្តង់ដា២​ ក្នុងសាលារដ្ឋទេ​ ប៉ុន្តែ​ត្រូវ​រក​វិធីសាស្ត្រ​ដែល​ល្អ​ដើម្បី​ឱ្យ​សាលា​ទាំងអស់ ​ជា​សាលា​មាន​សមត្ថភាព​ ហើយ​ក្លាយ​ជា​សាលាគំរូ​គ្រប់​សាលាទាំងអស់»។ នេះ​ជា​ការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត ​៕

អត្ថបទ៖ ឆដា, រូបភាព៖ Samdech Thipadei Hun Manet, Prime Minister of Cambodia