ADB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាត្រឹម ៣,៩% ក្នុងឆ្នាំ ២០២៦  

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៣,៩% ក្នុងឆ្នាំ២០២៦ ធ្លាក់ចុះពីការព្យាករ ៤,១% កាលពីខែកក្កដា ដោយសារសកម្មភាពក្នុងវិស័យទេសចរណ៍ និងសេវាកម្មពាក់ព័ន្ធមានភាពខ្សោយជាងការរំពឹងទុក។

យោងតាម របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែមិថុនា ឆ្នាំ២០២៦ ដែល ADB ចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងស្ទុះឡើងដល់ ៤,៧% នៅឆ្នាំ២០២៧ ដោយមានការគាំទ្រពីភាពធន់នៃវិស័យកម្មន្តសាល ការធ្វើពិពិធកម្មការនាំចេញ និងលំហូរវិនិយោគផ្ទាល់ពីបរទេសដែលបន្តមាន។

លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជាបន្តបង្ហាញភាពធន់ ដោយការនាំចេញផលិតផលកម្មន្តសាលដ៏រឹងមាំ និងលំហូរទុនវិនិយោគពីបរទេសកំពុងជួយប៉ះប៉ូវបញ្ហាប្រឈមក្នុងវិស័យទេសចរណ៍។

លោកស្រីបានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងបន្តក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង ការគាំទ្រគ្រួសារងាយរងគ្រោះ និងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ មានសារៈសំខាន់សម្រាប់ការទ្រទ្រង់កំណើនប្រកបដោយបរិយាបន្ន។

ទន្ទឹមនឹងនេះ ADB បានកែសម្រួលការព្យាករអតិផរណាឡើង ដោយសារការកើនឡើងនៃថ្លៃប្រេងពិភពលោក និងថ្លៃដើមនៃការនាំចូល។ អតិផរណាបានកើនពី ២,៦% ក្នុងខែកុម្ភៈ ដល់ ៧,២% ក្នុងខែឧសភា មុនថយមក ៥,៥% ក្នុងខែកក្កដា។

ADB ព្យាករថា អតិផរណាជាមធ្យមនឹងស្ថិតនៅប្រមាណ ៤,៧% ក្នុងឆ្នាំ២០២៦ មុនថយមក ២,៨% នៅឆ្នាំ២០២៧។ វិធានការបន្ធូរបន្ថយពន្ធលើប្រេងឥន្ធនៈ និងតម្លៃប្រាក់រៀលដែលមានស្ថិរភាពជាទូទៅ ត្រូវបានរំពឹងថានឹងជួយបន្ធូរបន្ថយសម្ពាធលើថ្លៃទំនិញ។

គោលនយោបាយសារពើពន្ធត្រូវបានរំពឹងថានឹងបន្តគាំទ្រកំណើន តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ មូលធនមនុស្ស និងកម្មវិធីគាំពារសង្គម ព្រមទាំងការអនុវត្តកម្មវិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល។

ADB ក៏រំពឹងថា ឱនភាពគណនីចរន្តរបស់កម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៦ ដោយសារថ្លៃនាំចូលខ្ពស់ជាងមុន និងចំណូលទេសចរណ៍ខ្សោយ។ ទោះជាយ៉ាងណា លំហូរវិនិយោគផ្ទាល់ពីបរទេសដ៏រឹងមាំ ត្រូវបានរំពឹងថានឹងបន្តគាំទ្រដល់ទុនបម្រុងអន្តរជាតិរបស់កម្ពុជា។

វិស័យឧស្សាហកម្មនៅតែជាកត្តាជំរុញសំខាន់នៃកំណើនសេដ្ឋកិច្ច។ ការនាំចេញផលិតផលកម្មន្តសាលក្រៅពីសម្លៀកបំពាក់បានកើនឡើង ៣៨,៤% នៅឆមាសទី១ ឆ្នាំ២០២៦ ដោយមានការកើនឡើងនៃការនាំចេញផលិតផលមានតម្លៃបន្ថែមខ្ពស់ ដូចជា គ្រឿងបង្គុំអគ្គិសនី គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត និងសម្ភារៈនិងគ្រឿងសង្ហារឹមធ្វើពីឈើ។

ការនាំចេញសម្លៀកបំពាក់ក៏បានកើនឡើង ៦,៣% ដល់ ៨ ពាន់លានដុល្លារ ខណៈវិស័យសំណង់ និងអចលនទ្រព្យនៅតែមានភាពទន់ខ្សោយ។

ផ្ទុយទៅវិញ កំណើនវិស័យសេវាកម្មត្រូវបានរំពឹងថានឹងខ្សោយជាងការរំពឹងទុក ដោយសារសកម្មភាពទេសចរណ៍ធ្លាក់ចុះ។ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិក្នុងឆមាសទី១ ឆ្នាំ២០២៦ បានធ្លាក់ចុះ ៤៧,៩% មកនៅត្រឹម ១,៨ លាននាក់ ដែលស្មើជាងពាក់កណ្តាលបន្តិចនៃកម្រិតមុនពេលកូវីដ១៩។

ADB បានឱ្យដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការបិទព្រំដែនគោកកម្ពុជា-ថៃ បានបន្ថែមសម្ពាធលើសកម្មភាពដែលពាក់ព័ន្ធនឹងទេសចរណ៍ រួមមានការដឹកជញ្ជូន បដិសណ្ឋារកិច្ច និងពាណិជ្ជកម្ម។

សម្រាប់វិស័យកសិកម្ម ADB រំពឹងថានឹងរួមចំណែកតិចតួចដល់កំណើនសេដ្ឋកិច្ច ប៉ុន្តែទទួលបានការគាំទ្រពីតម្រូវការនាំចេញផលិតផលដូចជា គ្រាប់ស្វាយចន្ទី ដំឡូងមី និងអង្ករ។

ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជានៅតែប្រឈមនឹងហានិភ័យអវិជ្ជមាន រួមទាំងការរំខានពីអាកាសធាតុអាក្រក់ដែលបង្កដោយបាតុភូតអែលនីញ៉ូ (El Niño) ដែលអាចកើតមាននៅចុងឆ្នាំ២០២៦ និងដើមឆ្នាំ២០២៧៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times