
ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែលមានបទពិសោធន៍យូរឆ្នាំ បានលើកឡើងថា ឱកាសវិនិយោគនៅក្នុងវិស័យអចលនទ្រព្យកំពុងផ្លាស់ប្តូរពីទីផ្សារខុនដូទៅកាន់អចលនទ្រព្យឧស្សាហកម្ម ដោយសារតម្រូវការទីផ្សារមានភាពខុសគ្នា។
អ្នកឧកញ៉ា បានឱ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២៦ តម្លៃលក់ខុនដូថ្នាក់ខ្ពស់នៅភ្នំពេញបានធ្លាក់ចុះ ៦.៧% ធៀបនឹងត្រីមាសមុន មកនៅត្រឹមតម្លៃមធ្យម ២,៥៩៩ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកខុនដូតម្លៃមធ្យម និងសន្សំសំចៃ មានតម្លៃមធ្យម ២,០៤៥ ដុល្លារ និង ១,១១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ រៀងគ្នា។
ផ្ទុយពីទីផ្សារខុនដូ តម្លៃជួលរោងចក្រស្តង់ដារបានកើនឡើងដល់ ២.៩០ ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ កើន ៣.៦% ធៀបនឹងត្រីមាសមុន។ តម្លៃដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក៏បានកើនឡើង ១.៩៦% ផងដែរ។
តាមការពន្យល់របស់អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ការធ្លាក់ថ្លៃខុនដូបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការ។ ចំនួនខុនដូនៅភ្នំពេញបានកើនពីប្រមាណ ២០,០០០ យូនីតទៅជាង ៦០,០០០ យូនីត ចាប់តាំងពីឆ្នាំ២០១៩ ដែលលើសពីតម្រូវការជាក់ស្តែងរបស់អ្នករស់នៅ។
ជាមួយគ្នានេះ ទុនវិនិយោគពីចិនបានដកខ្លួនវិញជិតពាក់កណ្តាល ខណៈកំណើនឥណទានធនាគារមានត្រឹម ៥.៦% ដែលធ្វើឱ្យអ្នកទិញមានការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន។
ផ្ទុយទៅវិញ វិស័យឧស្សាហកម្មកំពុងទទួលបានការជំរុញពីការវិនិយោគផលិតកម្មសម្រាប់ការនាំចេញ ជាពិសេសឧស្សាហកម្មអេឡិចត្រូនិច និងការផ្គុំរថយន្ត។ ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៦ មានគម្រោងវិនិយោគដែលបានអនុម័តរហូតដល់ ៥.៤៥ ពាន់លានដុល្លារ។
ផ្ទៃដីតំបន់សេដ្ឋកិច្ចពិសេសត្រូវបានព្យាករណ៍ថានឹងកើនដល់ ២៣,៧០០ ហិកតា ក្នុងឆ្នាំ២០២៦ កើនឡើង ៤២% ធៀបនឹងឆ្នាំ២០២៣។ កំណើននេះបានបង្កើតតម្រូវការជាក់ស្តែងសម្រាប់រោងចក្រ និងដីឧស្សាហកម្ម។
ចំពោះវិនិយោគិន អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញខុនដូដែលកំពុងប្រឈមបញ្ហា ដោយសារអ្នកអភិវឌ្ឍន៍មួយចំនួនបានព្រមបញ្ចុះតម្លៃរហូតដល់ ៥០% ដើម្បីលក់ចេញ ដែលអាចបង្កហានិភ័យសម្រាប់អ្នកទិញថ្មី។
អ្នកឧកញ៉ា បានចង្អុលបង្ហាញថា ជាជាងទិញខុនដូដើម្បីរង់ចាំការឡើងថ្លៃ វិនិយោគិនអាចពិចារណាលើការវិនិយោគក្នុងរោងចក្រសម្រេច ឬដីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីជួលឱ្យក្រុមហ៊ុនផលិតកម្ម។
យោងតាមអ្នកឧកញ៉ា សំ សុខនឿន ការវិនិយោគលើអចលនទ្រព្យឧស្សាហកម្មបែបនេះមានសក្តានុពលបង្កើតប្រាក់ចំណូលជាក់ស្តែង ដោយសារមានតម្រូវការពីវិស័យផលិតកម្មនាំចេញ៕
អត្ថបទ៖ ប៊ី







