ធនាគារជាតិនៃកម្ពុជា ត្រៀមពង្រីកការតភ្ជាប់ប្រព័ន្ធបាគង (Bakong) សម្រាប់ការទូទាត់ឆ្លងដែន ទៅកាន់ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នាពេលខាងមុខ បន្ទាប់ពីសម្រេចបានការតភ្ជាប់ជាមួយប្រទេស ៩ រួចមក។

ការពង្រីកនេះ គឺជាការបោះជំហានថ្មីក្នុងការពង្រីកបណ្តាញទូទាត់អន្តរជាតិ និងពង្រឹងការតភ្ជាប់ហិរញ្ញវត្ថុកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ន តាមរយៈប្រព័ន្ធបាគង កម្ពុជាបានសម្រេចការតភ្ជាប់ការទូទាត់ឆ្លងដែនជាមួយប្រទេសចិន ឥណ្ឌា ជប៉ុន ឡាវ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងវៀតណាម។
ការតភ្ជាប់នេះអនុញ្ញាតឲ្យអាជីវករ និងពាណិជ្ជករជាង ២៥០ លាននាក់នៅទូទាំងតំបន់ អាចទទួលការទូទាត់សងប្រាក់តាមរយៈប្រព័ន្ធបាគងបានយ៉ាងទូលំទូលាយ។ ការពង្រីកបណ្ដាញទៅកាន់ឥណ្ឌូណេស៊ី ហ្វីលីពីន និងរវ៉ាន់ដា នឹងក្លាយជាការបោះជំហានបន្ថែមទៀតក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុឆ្លងដែន និងបង្កើនភាពងាយស្រួលក្នុងការទូទាត់ប្រាក់សម្រាប់ប្រជាពលរដ្ឋ អាជីវករ និងធុរជនរវាងប្រទេសទាំងនេះ។

សមិទ្ធផលនៃការអភិវឌ្ឍប្រព័ន្ធទូទាត់របស់កម្ពុជានេះ ក៏នឹងក្លាយជាប្រធានបទសំខាន់មួយនៅក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit ដែលនឹងរៀបចំឡើងនៅរាជធានីភ្នំពេញ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របពេលជាមួយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
វេទិកានេះនឹងមានការចូលរួមពីទេសាភិបាលធនាគារកណ្តាល អ្នកបង្កើតនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំមកពីតំបន់អាស៊ាន និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ដើម្បីពិភាក្សា និងចែករំលែកបទពិសោធលើការអភិវឌ្ឍប្រព័ន្ធទូទាត់ និងការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន។
វេទិកាអន្តរជាតិនេះនឹងផ្តោតលើប្រធានបទសំខាន់ ៤ រួមមាន ការតភ្ជាប់ប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែនតាមច្រករបៀងសេដ្ឋកិច្ច ការប្រែក្លាយនវានុវត្តន៍ហិរញ្ញវត្ថុពីការសាកល្បងទៅជាហេដ្ឋារចនាសម្ព័ន្ធផ្លូវការ ការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈ QR និងការផ្ទេរប្រាក់ ព្រមទាំងការពង្រីកការតភ្ជាប់ពីកម្រិតទ្វេភាគីទៅជាបណ្តាញហិរញ្ញវត្ថុក្នុងតំបន់។
គួរបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបាគង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។ ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើតម្រូវការ និងបរិបទសេដ្ឋកិច្ចក្នុងស្រុក ហើយបានក្លាយជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ក្នុងការជំរុញការទូទាត់ឌីជីថល និងពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយបណ្ដាប្រទេសដៃគូ៕
អត្ថបទ៖ ឆដា, រូបភាព៖ ធនាគារជាតិនៃកម្ពុជា






