កូនស្រីអ្នកឧកញ៉ា លាង ម៉េង កញ្ញា អ៊ឹង វត្តី និងគូដណ្ដឹង ថត pre-wedding លើទឹកដីអង្គយ៉ាងសមសួន

កញ្ញា អ៊ឹង វត្តី ដែល​ជា​កូនស្រី​របស់​អ្នក​ឧកញ៉ា លាង ម៉េង សហស្ថាបនិក និង​ជា​ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង គ្រុប ព្រម​ជាមួយ​គូ​ដណ្ដឹង លោក ស៊ី ហ៊ួតកុក បាន​ដឹកដៃ​គ្នា​ថត pre-wedding នៅ​លើ​ទឹក​ដី​អច្ឆរិយ​នា​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។

តាមដានជាមួយយើង៖ Million Times

ក្រោយ​ភ្ជាប់​ពាក្យ​កាលពី​ថ្ងៃ ២២ ខែ​ធ្នូ ឆ្នាំ ២០២៤ Marshell និង ស៊ី ហ៊ួតកុក ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ ប្រធាន​ក្រុមហ៊ុន បុរី​អេចអិន ឌីវេឡុបមិន រៀលអ៊ីស្តេត តែង​បណ្ដើរ​គ្នា​ចូលរួម​កម្មវិធី​នៅ​ក្នុង​ក្រុមហ៊ុន និង​គ្រួសារ។

កញ្ញា អ៊ឹង វត្តី និង​លោក ហ៊ួតកុក អាច​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​នេះ ក្រោយ​ថត pre-wedding ក្នុង​ឈុត​សម្លៀកបំពាក់​បុរាណ ដែល​គ្រួសារ ជីប ម៉ុង ជា​អ្នក​អភិរក្ស និង​ថែរក្សា​ប្រពៃណី​ខ្មែរ​មិន​ដែល​អាក់ខាន​ឡើយ។

ក្នុង​ឈុត​ស្បៃ​ខ្មែរ កញ្ញា អ៊ឹង វត្តី ដ៏​ស្រស់​ស្អាត មើល​ទៅ​ស្រគត់ស្រគំ និង​ទន់ភ្លន់​ជានិច្ច។ ក្នុង​គ្រា​ថត​ឈុត pre-wedding នោះ​ដែរ ឪពុក​ម្ដាយ​ទាំង​សងខាង គឺ​អ្នក​ឧកញ៉ា លាង ម៉េង និង​​លោកជំទាវ គឹម ចាន់ណា ព្រម​ទាំង​ដន្លង​អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ និង​លោកជំទាវ ជា ដាណែត ក៏​បាន​គ្រង​ឈុត​បុរាណ និង​ថត​ជុំ​គ្នា​ផងដែរ។

គូស្នេហ៍​ទាំង​ស្អាត និង​ចំណេះដឹង ទាំង​គូ​នោះ តែង​ត្រូវ​បាន​ចាស់ទុំ​ដឹង​ឮ និង​មាន​ភាព​សមរម្យ និង​ថ្លៃថ្នូរ​ក្នុង​ភ្នែក​គ្រួសារ និង​មហាជន​ជានិច្ច៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត និង V Gallery’s