ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន នឹងចូលរួមជាមួយគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការបំពេញបេសកកម្មនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន នាពាក់កណ្តាលខែតុលា ឆ្នាំ២០២៦។
យោងតាមសមាគមឧកញ៉ាកម្ពុជា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់ អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធាន និងជាប្រធានគណៈកម្មការអប់រំ បណ្តុះបណ្តាល និងបច្ចេកទេស ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីអមដំណើរ សម្តេចធិបតី ក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ។
គណៈប្រតិភូនេះមានសមាសភាព អ្នកឧកញ៉ា ទី គឹមស៊ាន, អ្នកឧកញ៉ា កង លាប, អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន, អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និងលោក ម៉ៅ សុទ្ធីវឌ្ឍ។
តាមកម្មវិធី អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០២៦។
បន្ទាប់មក គណៈប្រតិភូនឹងចូលរួមអមដំណើរ សម្តេចធិបតី ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ក្រៅពីនេះ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើរ សម្តេចធិបតី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋតួកគីយ៉េ នាថ្ងៃទី១៦ ខែតុលា និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកាហ្សាក់ស្ថាន នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
សមាគមឧកញ៉ាកម្ពុជាបញ្ជាក់ថា ការចូលរួមរបស់គណៈប្រតិភូក្នុងដំណើរនេះ ឆ្លុះបញ្ចាំងពីការបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទូតសេដ្ឋកិច្ច ទាក់ទាញការវិនិយោគពីបរទេស ព្រមទាំងពង្រឹងភាពជាដៃគូរវាងវិស័យឯកជនកម្ពុជា និងសហគមន៍ធុរកិច្ចអន្តរជាតិ៕
អត្ថបទ៖ ប៊ី







