ភ្នំពេញ៖ និយ័តករទីផ្សារមូលបត្រអាស៊ានបានចាប់ផ្តើមវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យផ្អែកលើហានិភ័យ (RBS) ក្នុងទីផ្សារមូលបត្រ» ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់និយ័តករ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យក្នុងវិស័យមូលបត្រ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅសណ្ឋាគារ Tribe Phnom Penh Post Office Square កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ដោយនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ក្នុងនាមជាសហប្រធានក្រុមការងារអក្ខរកម្មហិរញ្ញវត្ថុ និងការកសាងសមត្ថភាព (FLCB-WG) នៃវេទិកាទីផ្សារមូលធនអាស៊ាន (ACMF) រួមជាមួយគណៈកម្មការមូលបត្ររដ្ឋវៀតណាម (SSC) និងដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយមជ្ឈមណ្ឌលតូរ៉ុនតូ (TC)។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ន.ម.ក. លោក Ha Duy Tung អនុប្រធាន SSC លោកស្រី Yasmin Siddiqi នាយិកា ADB ប្រចាំប្រទេសកម្ពុជា និងលោក Babak Abbaszadeh នាយកប្រតិបត្តិ និងជាប្រធាន TC។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ូ សុជាតិ បានលើកឡើងថា ការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ មិនមែនគ្រាន់តែជាវិធីសាស្ត្របច្ចេកទេសនោះទេ ប៉ុន្តែជាផ្នត់គំនិតដែលមានចក្ខុវិស័យវែងឆ្ងាយ និងជួយលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់មន្ត្រីនិយ័តករនៅទូទាំងតំបន់អាស៊ាន។
ឯកឧត្តម កបានបញ្ជាក់ថា តាមរយៈការបង្កើនសមត្ថភាពក្នុងការកំណត់ វាយតម្លៃ និងកាត់បន្ថយហានិភ័យថ្មីៗជាមុន RBS អាចធ្វើឱ្យការត្រួតពិនិត្យមានប្រសិទ្ធភាព និងសមស្របទៅនឹងកម្រិតហានិភ័យ។ លោកក៏បានចាត់ទុកការបណ្តុះបណ្តាលថ្នាក់តំបន់នេះថា ជាការរួមចំណែកដល់ការអនុវត្តអាទិភាពស្តីពីការកសាងសមត្ថភាពក្នុងផែនការសកម្មភាព ACMF ឆ្នាំ២០២៦-២០៣០ និងការកសាងទីផ្សារមូលបត្រអាស៊ានដែលមានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។
លោក Ha Duy Tung បានបញ្ជាក់ថា ស្មារតីនៃការត្រួតពិនិត្យផ្អែកលើហានិភ័យ គឺការផ្តោតលើពេលវេលា និងធនធានទៅលើកត្តាដែលមានឥទ្ធិពលសំខាន់បំផុតសម្រាប់វិនិយោគិន និងទីផ្សារ។
ចំណែកលោកស្រី Yasmin Siddiqi បានលើកឡើងថា ការអភិវឌ្ឍទីផ្សារមូលបត្រអាស៊ាន ដើម្បីកៀរគរមូលធនពីវិស័យឯកជនសម្រាប់កំណើនប្រកបដោយចីរភាព និងបរិយាបន្ន គឺជាអាទិភាពស្នូលមួយក្នុងវិស័យហិរញ្ញវត្ថុ ខណៈការបង្កើនសមត្ថភាពត្រួតពិនិត្យ គឺជាមូលដ្ឋានគ្រឹះសម្រាប់សម្រេចគោលដៅនេះ។
លោក Babak Abbaszadeh បានគូសបញ្ជាក់ថា ការត្រួតពិនិត្យដ៏រឹងមាំ និងសកម្មដោយផ្អែកលើហានិភ័យ គឺជាយន្តការសំខាន់មួយសម្រាប់ទប់ទល់នឹងអស្ថិរភាពហិរញ្ញវត្ថុ និងការឆ្លងរាលដាលនៃវិបត្តិ។ លោកបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងការចែករំលែកចំណេះដឹងរវាងស្ថាប័នត្រួតពិនិត្យ នៅក្នុងទីផ្សារដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំង។
វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ មានអ្នកចូលរួមចំនួន៣៩រូប មកពីសមាជិក ACMF រួមមាន ប្រុយណេដារូសាឡឹម កម្ពុជា ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម។
ក្រោមការដឹកនាំពីអ្នកជំនាញមកពី TC វគ្គបណ្តុះបណ្តាលនេះផ្តល់ឱកាសឱ្យអ្នកចូលរួមចែករំលែកបទពិសោធជាក់ស្តែង ពង្រឹងការអនុវត្ត RBS និងបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននិយ័តករទីផ្សារមូលបត្រអាស៊ាន។
ខ្លឹមសារបណ្តុះបណ្តាលផ្តោតលើការវិភាគផលប៉ះពាល់ ដើម្បីបែងចែកស្ថាប័នហិរញ្ញវត្ថុធំ និងតូច សម្រាប់កំណត់កម្រិតនៃការត្រួតពិនិត្យ និងការបែងចែកធនធាន ព្រមទាំងគោលការណ៍ និងអភិក្រមសម្រាប់អនុវត្ត RBS ប្រកបដោយប្រសិទ្ធភាព។ វគ្គនេះក៏ពិភាក្សាអំពីផលប៉ះពាល់ពីសេវាហិរញ្ញវត្ថុឌីជីថល បញ្ញាសិប្បនិម្មិត និងបទល្មើសហិរញ្ញវត្ថុ ទៅលើការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ និងអភិបាលកិច្ចក្នុងក្របខ័ណ្ឌ RBS ផងដែរ៕
អត្ថបទ៖ ប៊ី








