ភ្នំពេញ៖ កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានពិភាក្សាគ្នាជំរុញការបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ ដើម្បីជំរុញការធ្វើដំណើរ និងការផ្លាស់ប្តូរភ្ញៀវទេសចរ និងអ្នកធ្វើដំណើររវាងប្រទេសទាំងពីរ។
ក្នុងជំនួបនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបឯកឧត្តម Thamer Mohammed A Algosaibi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ និងសហការីជាន់ខ្ពស់ ដើម្បីពិភាក្សាពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរាជទូត និងអបអរសាទរចំពោះការតែងតាំងជាឯកអគ្គរាជទូតថ្មី ព្រមទាំងថ្លែងអំណរគុណចំពោះព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការដល់កម្ពុជាលើវិស័យជាច្រើន។
ឯកឧត្តម ហួត ហាក់ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានបន្តអស់រយៈពេលជាង១៦ឆ្នាំមកហើយ និងបានបញ្ជាក់ថា ក្រសួងទេសចរណ៍ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីអារ៉ាប៊ីសាអូឌីត។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ជាវិស័យអាទិភាពមួយរបស់កម្ពុជា និងជាសសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់របស់ជាតិ។ កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ដែលត្រៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរពីគ្រប់ទីផ្សារ។
ក្នុងនោះ កម្ពុជាកំពុងជំរុញយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សូមស្វាគមន៍ដោយភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត ជាពិសេសភ្ញៀវទេសចរពីតំបន់មជ្ឈិមបូព៌ា។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងបានបញ្ជាក់ពីការប្តេជ្ញាជំរុញកិច្ចសហការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា និងជាក់ស្តែងបន្ថែមទៀត។
តាមរយៈការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ គូភាគីបានឯកភាពពិនិត្យលទ្ធភាពពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
គូភាគីក៏បានពិភាក្សាពីការសម្របសម្រួលរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកបង្កើតមាតិកាតាមបណ្តាញសង្គម និងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរ ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍របស់គ្នាទៅវិញទៅមក និងបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍។
កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញការវិនិយោគ និងការធ្វើទីផ្សារ និងផ្សព្វផ្សាយរួមលើទេសចរណ៍មូស្លីម។ ចំណុចសំខាន់មួយទៀត គឺគូភាគីបានឯកភាពសហការជំរុញក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines ឱ្យពិនិត្យលទ្ធភាពបង្កើតជើងហោះហើរត្រង់ និងទៀងទាត់រវាងកម្ពុជា និងទីក្រុងរីយ៉ាដ។
កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាតាំងពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១០។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យទេសចរណ៍ត្រូវបានជំរុញជាបន្តបន្ទាប់ តាមរយៈការគាំទ្ររបស់កម្ពុជាចំពោះការបង្កើតការិយាល័យតំបន់របស់អង្គការទេសចរណ៍ពិភពលោក (UN Tourism) នៅរាជធានីរីយ៉ាដ និងការគាំទ្រការធ្វើជាម្ចាស់ផ្ទះសន្និបាតទូទៅរបស់ UN Tourism ឆ្នាំ២០២៥ នៅរាជធានីរីយ៉ាដ៕
អត្ថបទ៖ ប៊ី







