ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងថយមកនៅត្រឹម ៣.៥% ក្នុងឆ្នាំ ២០២៦ មុននឹងងើបឡើងវិញដល់ ៤.០% ក្នុងឆ្នាំ ២០២៧ និង ៥.០% ក្នុងឆ្នាំ ២០២៨ ដោយសារការប្រើប្រាស់ឯកជនធ្លាក់ចុះ រួមជាមួយការធ្លាក់ចុះនៃរំហូរប្រាក់ផ្ញើពីក្រៅប្រទេស អតិផរណាខ្ពស់ និងកំណើនឥណទានទាប។
យោងតាមរបាយការណ៍ថ្មីស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំឆមាសសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កត្តាទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើកម្លាំងទិញរបស់គ្រួសារ។
ក្នុងរយៈពេលមធ្យម កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងងើបឡើងវិញដល់ ៤.០% ក្នុងឆ្នាំ ២០២៧ និង ៥.០% ក្នុងឆ្នាំ ២០២៨ ក្នុងសេណារីយោដែលមានស្ថិរភាពនៃតម្លៃថាមពល ការស្តារឡើងវិញនៃវិស័យទេសចរណ៍ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចបានជោគជ័យរបស់ពលករចំណាកស្រុកដែលបានវិលត្រឡប់មកប្រទេសវិញ។
ទោះជាយ៉ាងណា បាតុភូត El Niño ត្រូវបានរំពឹងថានឹងបន្ថយល្បឿននៃការស្តារឡើងវិញរបស់វិស័យកសិកម្មក្នុងឆ្នាំ ២០២៧។
សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកទាំងមូល កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងមានអត្រា ៤.៥% ក្នុងឆ្នាំ ២០២៦ ដែលបង្ហាញពីភាពធន់នៅចំពោះមុខបញ្ហាប្រឈមជាច្រើនដែលកំពុងកើតមាននៅលើពិភពលោក។ កំណើនសេដ្ឋកិច្ចនៅតែមិនដូចគ្នារវាងបណ្តាប្រទេស និងវិស័យ ខណៈការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កាន់តែទូលំទូលាយកំពុងបង្កើតឱកាសថ្មីៗ។
នៅទូទាំងតំបន់ សេដ្ឋកិច្ចនៃប្រទេសមួយចំនួនបានលូតលាស់លឿនជាងការរំពឹងទុកក្នុងឆ្នាំ ២០២៦ ដោយមានកម្លាំងជំរុញពីការផលិត និងការនាំចេញទំនិញបច្ចេកវិទ្យាខ្ពស់ ដែលបានទ្រទ្រង់ដល់ការកើនឡើងនៃសកម្មភាពទាក់ទងនឹង AI នៅទូទាំងពិភពលោក។
ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកែសម្រួលឡើងវិញ ដោយដំឡើង ១.១ ពិន្ទុភាគរយ សម្រាប់ប្រទេសវៀតណាម ធ្វើឱ្យកំណើនរបស់ប្រទេសនេះឈានដល់ ៧.៤% និងដំឡើង ០.៧ ពិន្ទុភាគរយ សម្រាប់ប្រទេសម៉ាឡេស៊ី និងថៃ ធ្វើឱ្យប្រទេសទាំងពីរមានកំណើន ៥.១% និង ២.០% រៀងគ្នា។
បណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិកត្រូវបានព្យាករថានឹងមានកំណើន ២.២% ដែលយឺតជាងការរំពឹងទុកពីមុន ០.៥ ពិន្ទុភាគរយ។ ប្រទេសចិន ដែលជាសេដ្ឋកិច្ចធំបំផុតក្នុងតំបន់ ត្រូវបានព្យាករថានឹងមានកំណើន ៤.៤% ខណៈតម្រូវការក្នុងស្រុកនៅតែស្ទុះងើបមិនរួច ដោយសារទីផ្សារការងារមិនសូវរឹងមាំ និងការបន្តកែសម្រួលនៅក្នុងវិស័យអចលនទ្រព្យ។
លោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា ការធ្វើសមាហរណកម្មស៊ីជម្រៅរបស់តំបន់ទៅក្នុងខ្សែច្រវាក់តម្លៃសកល រួមជាមួយភាពស្វាហាប់ផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពអំណោយផលក្នុងការទទួលផលប្រយោជន៍ពីការកើនឡើងនៃសកម្មភាពទាក់ទងនឹង AI នៅទូទាំងពិភពលោក។
លោកបានបន្ថែមថា បញ្ហាប្រឈមនៅពេលនេះ គឺការប្រែក្លាយភាពខ្លាំងរបស់តំបន់ក្នុងការផលិតទំនិញដែលពាក់ព័ន្ធនឹង AI ទៅជាការប្រើប្រាស់វាឱ្យបានទូលំទូលាយ ដើម្បីជួយជំរុញផលិតភាព និងបង្កើតការងារកាន់តែច្រើន ព្រមទាំងការងារដែលមានគុណភាពល្អសម្រាប់ប្រជាជនរាប់លាននាក់។
ក្នុងការវិភាគពិសេសស្តីពី AI នៅក្នុងតំបន់ របាយការណ៍បានរកឃើញថា ប្រទេសមួយចំនួនកំពុងទទួលប្រយោជន៍ពីការផ្គត់ផ្គង់ទំនិញដែលជាមូលដ្ឋានសម្រាប់ការកើនឡើងនៃការវិនិយោគលើ AI នៅទូទាំងពិភពលោក ប៉ុន្តែការរីកសាយភាយនៃបច្ចេកវិទ្យានេះនៅក្នុងវិស័យសេដ្ឋកិច្ចទាំងមូល នៅតែមិនទាន់ស្មើគ្នានៅឡើយទេ។
ការចាប់យក AI ក្នុងចំណោមបុគ្គល និងក្រុមហ៊ុននានាកំពុងកើនឡើង ប៉ុន្តែនៅក្នុងកម្រិតទាបជាងបណ្តាប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដោយសារអាជីវកម្មត្រូវប្រឈមមុខនឹងបញ្ហាដូចជា ការចំណាយខ្ពស់ កង្វះជំនាញ និងកង្វល់ជុំវិញសុវត្ថិភាព និងភាពឯកជន។
សម្រាប់ប្រទេសភាគច្រើន ផលចំណេញធំបំផុតក្នុងរយៈពេលខ្លីខាងមុខនឹងកើតចេញពីអ្វីដែលហៅថា «Small AI» ឬបញ្ញាសិប្បនិម្មិតខ្នាតតូច ដែលសំដៅលើការទទួលយក និងការបន្ស៊ាំខ្លួននៃបច្ចេកវិទ្យាដែលមានស្រាប់ ជាពិសេសឧបករណ៍ AI ដែលងាយស្រួលប្រើប្រាស់។
លោក Sarvesh Suri អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានប្រសាសន៍ថា វិស័យឯកជនអាចដើរតួនាទីស្នូលក្នុងការប្រែក្លាយសក្តានុពលរបស់ AI ទៅជាការងារកាន់តែច្រើន និងកាន់តែប្រសើរឡើងនៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
លោកបានបន្ថែមថា តាមរយៈការកៀរគរទុនវិនិយោគពីវិស័យឯកជនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពល ការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម និងការវិនិយោគលើការអភិវឌ្ឍជំនាញកម្លាំងពលកម្ម ប្រទេសនានាអាចពន្លឿនការប្រើប្រាស់ AI នៅក្នុងប្រព័ន្ធសេដ្ឋកិច្ច និងជួយឱ្យក្រុមហ៊ុនខ្នាតតូចមានភាពប្រកួតប្រជែង ស្វាហាប់ និងមានភាពធន់កាន់តែខ្លាំងឡើង។
របាយការណ៍បានបង្ហាញថា AI មិនទាន់ជះឥទ្ធិពលខ្លាំងលើការងារដែលដើរដោយប្រព័ន្ធស្វ័យប្រវត្តិនៅឡើយទេ ប៉ុន្តែវាបាននិងកំពុងកែប្រែទម្រង់នៃតម្រូវការជំនាញរួចទៅហើយ។ ក្រុមហ៊ុននានាកំពុងស្វែងរកអ្នកមានជំនាញផ្នែក AI កាន់តែច្រើនឡើង រួមជាមួយសមត្ថភាពវិភាគ និងជំនាញទំនាក់ទំនងសង្គម។
AI មានប្រសិទ្ធភាពបំផុតក្នុងការជួយការងារដែលទាមទារការគិត និងការសម្រេចចិត្តបែបស្មុគស្មាញ ប៉ុន្តែមានតែ ១៣% នៃការងារនៅក្នុងតំបន់នេះ ដែលស្ថិតក្នុងប្រភេទនេះ បើធៀបនឹង ៣៩% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
ដើម្បីរក្សាកំណើន និងជំរុញការងារដែលមានផលិតភាពខ្ពស់ជាងមុន របាយការណ៍បានស្នើឱ្យមានវិធានការមុតមាំលើវិស័យចំនួនបី។ វិស័យទីមួយ គឺបង្កលក្ខណៈដល់ការចាប់យក AI មកប្រើ តាមរយៈការបង្កើតបរិយាកាសធុរកិច្ចរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងឌីជីថល ការផ្តល់ហិរញ្ញប្បទាន និងការអភិវឌ្ឍជំនាញដែលអនុញ្ញាតឱ្យកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ។
វិធានការទីពីរ គឺបន្ស៊ាំការប្រើប្រាស់ AI ក្នុងស្រុក ដើម្បីបង្កើតការងារកាន់តែប្រសើរឡើង ដោយប្រើឧបករណ៍ភាសាក្នុងស្រុកដែលសមស្របនៅក្នុងវិស័យដែលអាចស្រូបយកកម្លាំងពលកម្មបានច្រើន និងគ្រប់កម្រិតជំនាញ ដូចជាវិស័យទេសចរណ៍ និងអាជីវកម្មកសិកម្មជាដើម។
វិធានការទីបី គឺប្រើប្រាស់តួនាទីសំខាន់របស់រដ្ឋាភិបាល ក្នុងនាមជាអ្នកប្រើប្រាស់ និងជានិយ័តករ AI ដើម្បីកែលម្អសេវាសាធារណៈ គ្រឹះឌីជីថល បទប្បញ្ញត្តិ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕
អត្ថបទ៖ ប៊ី





