ភ្នំពេញ៖ កម្ពុជាកំពុងឈានទៅរកការឯកភាពគ្នា ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ ដែលគ្របដណ្តប់លើផ្ទៃដី ៤០១ គីឡូម៉ែត្រការ៉េ និងភូមិចំនួន ១១៤។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចពិគ្រោះយោបល់លើផែនការប្រើប្រាស់ដី និងលក្ខខណ្ឌនៃការប្រើប្រាស់ដី និងនគរូបនីយកម្ម ក្នុងតំបន់១ និងតំបន់២ នៃតំបន់អង្គរ ជាមួយតំណាងអង្គការ UNESCO តំណាងស្ថានទូតបារាំង និងជប៉ុនប្រចាំកម្ពុជា ដែលជាសហប្រធាន ICC Angkor។
កិច្ចពិគ្រោះយោបល់នេះមានគោលបំណងឈានទៅរកការឯកភាពគ្នា មុនដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការប្រើប្រាស់ដីភូមិក្នុងតំបន់អង្គរ។
ក្រសួងបានឱ្យដឹងថា ផែនការនេះជាវិធាននៃការប្រើប្រាស់ដីដែលមានភាពច្បាស់លាស់ និងមានសារៈសំខាន់ជាលើកដំបូងក្នុងតំបន់១ និងតំបន់២ នៃតំបន់អង្គរ ដោយផ្តល់អាទិភាពដល់ការអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ ព្រមទាំងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទាំង១១៤។
ដើម្បីឈានដល់កិច្ចពិគ្រោះយោបល់នេះ ក្រសួងបានរៀបចំផែនការឯកភាពរួមមួយរវាងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរ អាជ្ញាធរដែនដី និងអាជ្ញាធរជាតិអប្សរា តាមរយៈការពិគ្រោះយោបល់ជាបន្តបន្ទាប់លើសេចក្តីព្រាងផែនការប្រើប្រាស់ដី និងបញ្ញត្តិប្រើប្រាស់ដីសម្រាប់ភូមិទាំង១១៤ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ។
ជាមួយគ្នានេះ តំណាងសហប្រធាន ICC Angkor និងតំណាង UNESCO បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការយកចិត្តទុកដាក់ដោះស្រាយបញ្ហាដ៏ស្មុគស្មាញដែលមានរយៈពេលយូរមកហើយ។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ តំណាង UNESCO និងតំណាងសហប្រធាន ICC Angkor បានគោរពតាមការសម្រេចចិត្តរបស់កម្ពុជា ក្នុងការរៀបចំការងារចាំបាច់នានា ដោយមានគោលដៅអភិរក្សបេតិកភណ្ឌពិភពលោកអង្គរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងភូមិទាំង១១៤ ស្របតាមបញ្ញត្តិអន្តរជាតិ។
កិច្ចពិគ្រោះយោបល់ស្តីពី «ផែនការប្រើប្រាស់ដីភូមិក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ» ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
អត្ថបទ៖ ប៊ី





