បាគូ៖ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មសាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ក្នុងឱកាសវេទិកាធុរកិច្ច អាស៊ែបៃហ្សង់-កម្ពុជា នៅទីក្រុងបាគូ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។
វេទិកាធុរកិច្ចនេះត្រូវបានសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសេដ្ឋកិច្ចនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសដែលគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអាស៊ែបៃហ្សង់។
វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ែបៃហ្សង់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា តំណាងស្ថាប័នរដ្ឋាភិបាល និងធុរជននៃប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីសក្តានុពលសេដ្ឋកិច្ច ស្វែងរកកាលានុវត្តភាពវិនិយោគ និងពង្រឹងទំនាក់ទំនងធុរកិច្ច។
តាមរយៈអនុស្សរណៈយោគយល់នេះ ស្ថាប័នទាំងពីរបានកំណត់ក្របខណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការ ដែលរួមមានការរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន និងការគាំទ្រដល់ធុរជននៃប្រទេសទាំងពីរ ដើម្បីរួមចំណែកបង្កើនសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
ថ្លែងក្នុងវេទិកានេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យឯកជន ដែលជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងពីវិស័យអាទិភាពដែលអាចទាក់ទាញធុរជន និងវិនិយោគិនអាស៊ែបៃហ្សង់មកបណ្តាក់ទុននៅកម្ពុជា រួមមានការបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារអាស៊ីកណ្តាល និងអឺរ៉ុប កិច្ចសហប្រតិបត្តិការលើវិស័យថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី និងជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ អ្នកឧកញ៉ា គិត ម៉េង ក៏បានស្នើឱ្យរដ្ឋាភិបាលអាស៊ែបៃហ្សង់បើកស្ថានទូតពេញលេញនៅរាជធានីភ្នំពេញ និងបង្កើតជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ថា សភាពាណិជ្ជកម្មកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរជនអាស៊ែបៃហ្សង់ដែលមានបំណងធ្វើធុរកិច្ចនៅកម្ពុជា។
វេទិកាធុរកិច្ចនេះបានបញ្ចប់ដោយមានការរៀបចំជំនួបពាណិជ្ជកម្ម ដែលអនុញ្ញាតឱ្យធុរជននៃប្រទេសទាំងពីរជួបប្រាស្រ័យទាក់ទងគ្នា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការ ដោយមានគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងបង្កើតមូលដ្ឋានសម្រាប់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអាស៊ែបៃហ្សង់៕
អត្ថបទ៖ ប៊ី








