ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ សម្រាប់ឆ្នាំ ២០២៧ សម្រេចចុងក្រោយ ២១២ ដុល្លារ តាមការណែនាំនាយករដ្ឋមន្រ្តីកម្ពុជា

លទ្ធផលនៃ​កិច្ច​ប្រជុំ​របស់​ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី៤ សម្រាប់​កម្មករ​និយោជិត​ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់​ឆ្នាំ ២០២៧ បានសម្រេចហើយ។

តាមដានជាមួយយើង៖ Million Times

សម្រាប់​លទ្ធផលបោះឆ្នោតលើប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សំឡេងភាគច្រើន គឺ ៤៧ សំឡេង​បោះឆ្នោត​ឯកភាពលើតួលេខ ២១០ ដុល្លារ និង​សំឡេង ៣ សំឡេង គាំទ្រ​លើ​តួលេខ ២២៥ ដុល្លារ។ ខណៈ​ដែរ​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាសម្រេចបន្ថែម ២ ដុល្លារ ដូច្នេះ​លទ្ធផល​ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ សម្រេច​ចុង​ក្រោយ គឺ ២១២ដុល្លារ។

ប្រាក់​ឈ្នួល​អប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និង​ផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់​ឆ្នាំ ២០២៧ មាន ចំនួន ២១២ ដុល្លារ ក្នុង​មួយ​ខែ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​​ឲ្យ​ដឹង​ថា ចាប់​ពីថ្ងៃ ១ ខែ​កញ្ញា ឆ្នាំ២០២៦នេះ លោក​តាមដាន និង​ទទួល​បាន​របាយការណ៍​បច្ចុប្បន្នភាព​ជា​បន្តបន្ទាប់ អំពី​វឌ្ឍនភាព​នៃ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់ឆ្នាំ២០២៧ ពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​បន្ថែម​ទៀត​ថា “យោង​តាម​គោល​ជំហរ​ចុងក្រោយ​របស់​តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​បងប្អូន​កម្មករ​និយោជិត និង​យោង​តាម​ច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ខ្ញុំ​បាន​សម្រេច​ឲ្យ​បន្ថែម​តួលេខ ២ ដុល្លារអាម៉េរិក​ លើ​តួលេខ ២១០ ដុល្លារអាម៉េរិក​ ដែល​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា ភាគច្រើនបាន​គាំទ្រ។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​បាន​ឯកភាព​រក្សា “ប្រាក់​ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ ដុល្លារ​អាម៉េរិក ក្នុង​មួយ​ខែ ទៅ​អនុវត្ត​បន្ត​នៅឆ្នាំ ២០២៧ នេះ ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ ២០ ខែ​មីនា ឆ្នាំ ២០២៦ ផង​ដែរ។ អត្ថប្រយោជន៍​ផ្សេង​ៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ“។

ដូច្នេះ សម្រាប់ឆ្នាំ ២០២៧ ខាង​មុខនេះ ប្រាក់​ឈ្នួល​គោល ដែល​ជា​ផល​បូក​នៃ​ប្រាក់​ឈ្នួល​អប្បបរមា និង​ប្រាក់​អត្ថប្រយោជន៍ ដែល​បងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ​ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ត្រូវ​ទទួល​បាន​ពិតប្រាកដ គឺ​ស្ថិត​ក្នុង​ចន្លោះ​ពី ២៣១,៥ ដុល្លារ ដល់ ២៤២,៥ ដុល្លារ ក្នុង​មួយ​ខែ៕


អត្ថបទ៖ ឆដា, រូបភាព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង STPM