ចូលរួមអបអរដល់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ។

អ្នកឧកញ៉ា វ័យក្មេង សំ សុខនឿន ស្ថិតក្នុងចំណោមបេក្ខភាព ៧ រូប ជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៥។ បើទោះជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business មមាញឹកនឹងមុខជំនួញយ៉ាងណាក៏ដោយ អ្នកឧកញ៉ាដែលមានប្រភពមកពីត្បូងឃ្មុំរូបនេះ នៅតែចូលរួមក្នុងកិច្ចការជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង ៧ រូប ដោយលើកឡើងថា ពួកគេមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business អ្នកឧកញ៉ា វ័យក្មេង សំ សុខនឿន បានរួមចំណែកយ៉ាងសកម្មក្នុងការកៀរគររកវិនិយោគិនបរទេស មកបណ្ដាក់ទុនរកស៊ីនៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយមានទំនាក់ទំនងនៅទូទាំងប្រទេស ព្រមទាំងដៃគូកម្រិតតំបន់ និងពិភពលោក។ បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា មានសភាពាណិជ្ជកម្ម រាជធានី-ខេត្ត សរុប១៨ ស្ថិតក្រោមសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងនោះ សភាពាណិជ្ជកម្ម ជាស្ថាប័នមួយមិនសំដៅរកប្រាក់ចំណេញ ដែលសមាជិកភាពមានលក្ខណៈស្ម័គ្រចិត្ត និងជាស្ថាប័នតំណាងការពារផលប្រយោជន៍ជូនវិស័យឯកជនលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម និងកសិកម្ម ដោយធ្វើសកម្មភាពបម្រើឲ្យសេដ្ឋកិច្ចជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងនៅទូទាំងប្រទេស៕

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ



