ភ្នំពេញ៖ អ្នកជំនួញ និងសហគ្រិន ៧ រូប ត្រូវបានជ្រើសរើសជាសមាជិកជ្រើសតាំងថ្មីរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ក្នុងការបោះឆ្នោតដែលមានអង្គបោះឆ្នោត ៩០រូប ក្នុងចំណោម ៩៣រូប ចូលរួមកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។
ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងនេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញកន្លែងទំនេរនៃសមាជិកជ្រើសតាំងរបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលមានសមាជិកសរុប ៤០រូប ព្រមទាំងពង្រឹងការចូលរួម និងការតំណាងរបស់វិស័យឯកជនក្នុងសកម្មភាពរបស់ស្ថាប័ន។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មរាជធានីភ្នំពេញ។
សមាជិកជ្រើសតាំងថ្មីទាំង ៧រូប ដែលទទួលបានការគាំទ្រពីអង្គបោះឆ្នោត រួមមាន អ្នកឧកញ៉ា ជាម ឃុនណាត អ្នកឧកញ៉ា តេង ហឿង អ្នកឧកញ៉ា អ៊ឹង លីហេង លោកជំទាវ ភឹម សំភ័ស អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន និងឧកញ៉ាបណ្ឌិត អន ប៊ុនហាក់។
អ្នកឧកញ៉ា គិត ម៉េង បានសម្តែងការអបអរសាទរ និងកោតសរសើរចំពោះសមាជិកជ្រើសតាំងថ្មីទាំង ៧រូប ដោយលើកឡើងថា ពួកគេមានចំណេះដឹង សមត្ថភាព បទពិសោធន៍ និងធនធាន ដែលអាចចូលរួមចំណែកក្នុងការពង្រឹងវិស័យឯកជន និងការងាររបស់សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា។
អ្នកឧកញ៉ាក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់សហគ្រិន និងអ្នកជំនួញជំនាន់ថ្មី ដោយសារពួកគេអាចនាំយកគំនិត បទពិសោធន៍ និងថាមពលថ្មីមកចូលរួមក្នុងសកម្មភាពរបស់សភាពាណិជ្ជកម្ម។
តាមសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ការចូលរួមរបស់អ្នកជំនួញ និងសហគ្រិនជំនាន់ថ្មី នឹងជួយបន្តជំរុញបរិយាកាសធុរកិច្ច ការវិនិយោគ និងការប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា។
ការបោះឆ្នោតនេះក៏ជាផ្នែកមួយនៃការពង្រឹងអភិបាលកិច្ច ការចូលរួម និងភាពជាតំណាងរបស់វិស័យឯកជនក្នុងសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា ដោយស្ថាប័នមានតួនាទីជាស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល។
សភាពាណិជ្ជកម្មរាជធានីភ្នំពេញ មានសមាជិកសំខាន់ៗ ៣ប្រភេទ រួមមាន សមាជិកជ្រើសតាំង សមាជិកទីប្រឹក្សា និងសមាជិកសាមញ្ញ។ សមាជិកទាំងនេះមានតួនាទីចូលរួមជំរុញ និងគាំទ្រដល់បេសកកម្មរបស់សភាពាណិជ្ជកម្ម ក្នុងការតំណាង និងការពារផលប្រយោជន៍ស្របច្បាប់របស់វិស័យឯកជន ព្រមទាំងចូលរួមពិគ្រោះយោបល់ និងសហការជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ ប៊ី










