កម្ពុជាកំពុងរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មសម្រាប់ឆ្នាំ២០២៦-២០៣៥ ដោយផ្តោតលើការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្ម ពង្រឹងភាពប្រកួតប្រជែង ពិពិធកម្មផលិតកម្ម និងការតភ្ជាប់រវាងការវិនិយោគបរទេសជាមួយសហគ្រាសក្នុងស្រុក។
ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥» ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការកបស និងជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)។
កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក-សមាជិកានៃកបស សមាជិក-សមាជិកាក្រុមការងារ IDP និងមន្ត្រីជំនាញពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីដំណើរការរៀបចំគោលនយោបាយ IDP ដែលបានចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២៥។ ចាប់តាំងពីពេលនោះមក ក្រុមការងារបានធ្វើការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ព្រមទាំងសិក្សាបទពិសោធន៍អន្តរជាតិ ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំវិធានការគោលនយោបាយដែលមានភាពជាក់លាក់ និងអាចអនុវត្តបាន។
គោលនយោបាយនេះមានចក្ខុវិស័យធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់។
សម្រាប់ការសម្រេចបាននូវចក្ខុវិស័យនេះ គោលនយោបាយបានកំណត់គោលបំណងសំខាន់ចំនួន៤។ ទី១ គឺបង្កើនការវិនិយោគដែលមានគុណភាព និងបង្កើតការងារដែលមានជំនាញ បច្ចេកវិទ្យា ផលិតភាព និងប្រាក់ចំណូលកាន់តែប្រសើរ។ ទី២ គឺរក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅនូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរយៈពេលវែង។
គោលបំណងទី៣ គឺកសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាពនៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤ គឺតម្រង់ទិសវិស័យពាក់ព័ន្ធឱ្យមានភាពត្រៀមខ្លួនសម្រាប់និន្នាការអនាគត មានភាពធន់នឹងបរិស្ថាន និងអាចគ្រប់គ្រងផលប៉ះពាល់បរិស្ថានពីសកម្មភាពឧស្សាហកម្ម។
សេចក្តីព្រាងគោលនយោបាយ IDP ឆ្នាំ២០២៦-២០៣៥ បានកំណត់ឧស្សាហកម្មយុទ្ធសាស្ត្រជា៤ក្រុមអាទិភាព រួមមាន វិស័យឧស្សាហកម្មដែលមានស្រាប់ វិស័យឧស្សាហកម្មកំពុងលូតលាស់ វិស័យឧស្សាហកម្មយុទ្ធសាស្ត្ររយៈពេលវែង និងវិស័យឧស្សាហកម្មគាំទ្រ និងសេដ្ឋកិច្ចចក្រា។
វិធានការគោលនយោបាយត្រូវបានរៀបចំឡើងលើសសរស្តម្ភចំនួន៧ រួមមាន ការលើកកម្ពស់ និងសម្របសម្រួលការវិនិយោគ ការពង្រីក និងពិពិធកម្មទីផ្សារនាំចេញ ការពង្រឹងការតភ្ជាប់ និងការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្ម ការកែលម្អបរិយាកាសធុរកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និងទន់ ការពង្រឹងការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និងទីផ្សារការងារ និងការបង្កើនហិរញ្ញប្បទាន។
ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសរំលេចថា គោលនយោបាយ IDP នឹងដើរតួនាទីជាត្រីវិស័យសម្រាប់តម្រង់ទិសឧស្សាហកម្មកម្ពុជាក្នុងទសវត្សរ៍ខាងមុខ តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ កសាងមូលដ្ឋានឧស្សាហកម្មដែលមានសមត្ថភាពប្រកួតប្រជែង ពិពិធកម្មមុខទំនិញនាំចេញ និងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរទេស និងសហគ្រាសក្នុងស្រុក។
គោលនយោបាយនេះក៏នឹងកំណត់ឱ្យបានលម្អិតនូវវិស័យឧស្សាហកម្មគន្លឹះដែលកម្ពុជាមានឧត្តមភាព និងផ្តោតលើការអភិវឌ្ឍសកម្មភាពឧស្សាហកម្មជាជំហានៗទៅតាមដំណាក់កាល ស្របតាមភាពប្រកួតប្រជែងជាក់ស្តែងរបស់កម្ពុជា។
ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងផ្តល់មតិយោបល់បន្ថែមលើសេចក្តីព្រាង ដើម្បីធ្វើឱ្យវិធានការគោលនយោបាយកាន់តែច្បាស់លាស់ មុតស្រួច និងអាចអនុវត្តបាន។ ការពិភាក្សាក៏ផ្តោតលើការរៀបចំយន្តការស្ថាប័នដែលអាចអនុវត្តបាន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញក៏ត្រូវបានលើកឡើងជាចំណុចសំខាន់ ដោយត្រូវបានចាត់ទុកថាជាស្ពានសម្រាប់ភ្ជាប់ការស្រាវជ្រាវ នវានុវត្តន៍ និងចំណេះដឹងថ្មីៗ ទៅនឹងការអនុវត្តជាក់ស្តែងក្នុងវិស័យឧស្សាហកម្ម និងទីផ្សារការងារ។
តាមកបស គោលនយោបាយ IDP ឆ្នាំ២០២៦-២០៣៥ បានដាក់ចេញវិធានការជាក់លាក់សម្រាប់កសាងវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានពិពិធកម្ម ភាពធន់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ ប៊ី







