ក្រុមហ៊ុនចិន ៤២ សម្លឹងរកឱកាសវិនិយោគក្នុងវិស័យ ៩ នៅកំពង់ស្ពឺ

ក្រុមហ៊ុន និងសហគ្រាសចិនចំនួន ៤២ បានបង្ហាញចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ លើវិស័យចំនួន ៩ ដោយអ្នកវិនិយោគមួយចំនួនកំពុងពិចារណាពង្រីកប្រតិបត្តិការ និងមួយចំនួនទៀតមានគម្រោងបង្កើតរោងចក្រថ្មីនៅក្នុងខេត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ការបង្ហាញចំណាប់អារម្មណ៍នេះធ្វើឡើងបន្ទាប់ពីប្រតិភូខេត្តកំពង់ស្ពឺបានជួបជាមួយតំណាងក្រុមហ៊ុន និងសហគ្រាសចិនចំនួន ៤២ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងណាននីង ប្រទេសចិន។

ក្នុងជំនួបនេះ ប្រតិភូខេត្តបានបង្ហាញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ និងបទពិសោធន៍របស់អ្នកវិនិយោគដែលកំពុងប្រតិបត្តិការនៅក្នុងខេត្ត ដើម្បីទាក់ទាញការវិនិយោគថ្មី និងលើកទឹកចិត្តអ្នកវិនិយោគដែលមានស្រាប់ឱ្យពង្រីកអាជីវកម្ម។

តាមលោក ជាម ច័ន្ទសោភ័ណ តំណាងក្រុមហ៊ុន និងសហគ្រាសទាំង ៤២ បានបង្ហាញបំណងមកទស្សនកិច្ចសិក្សា និងស្វែងយល់បន្ថែមអំពីឱកាសវិនិយោគនៅខេត្តកំពង់ស្ពឺ មុនឈានទៅរកការបោះទុនរកស៊ីនៅក្នុងខេត្តនាពេលខាងមុខ។

វិស័យដែលក្រុមហ៊ុនទាំងនេះចាប់អារម្មណ៍រួមមាន កសិកម្ម និងការកែច្នៃកសិផល ឧស្សាហកម្ម និងផលិតកម្ម សំណង់ និងសម្ភារៈសំណង់ ទេសចរណ៍ និងវប្បធម៌ វិនិយោគ និងពាណិជ្ជកម្ម បច្ចេកវិទ្យា និងឌីជីថល រ៉ែ ឡូជីស្ទីក និងដឹកជញ្ជូន ព្រមទាំងថាមពលថ្មី និងបរិស្ថាន។

អភិបាលខេត្តបានបញ្ជាក់ថា ក្នុងចំណោមក្រុមហ៊ុន និងសហគ្រាសដែលចាប់អារម្មណ៍លើកំពង់ស្ពឺ មានទាំងអ្នកវិនិយោគដែលកំពុងមានប្រតិបត្តិការនៅក្នុងខេត្ត និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្ម ព្រមទាំងក្រុមហ៊ុនថ្មីដែលមានគម្រោងបង្កើតរោងចក្រនៅក្នុងខេត្ត។

ដើម្បីគាំទ្រដល់លំហូរវិនិយោគពីធុរជនចិន រដ្ឋបាលខេត្តកំពង់ស្ពឺបានបង្ហាញការប្តេជ្ញាចិត្តក្នុងការបង្កើតបរិយាកាសវិនិយោគដែលស្វាគមន៍អ្នកវិនិយោគ ដោយផ្តោតលើការរៀបចំបដិសណ្ឋារកិច្ច ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការសម្របសម្រួលលើនីតិវិធីពាក់ព័ន្ធ។

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានមូលដ្ឋានឧស្សាហកម្មដ៏រឹងមាំ ដោយមានរោងចក្រ និងសហគ្រាសប្រមាណជិត ៣,០០០ និងមានកម្មករ កម្មការិនីប្រមាណជាង ៤០ ម៉ឺននាក់។ តួលេខនេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋដែលកំពុងបំពេញការងារនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងចម្ការនានានៅក្នុងខេត្តនោះទេ។

ការកើនឡើងនៃរោងចក្រ និងសហគ្រាសទាំងនេះបានស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីខេត្តជុំវិញ និងបានចូលរួមពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា កំពង់ស្ពឺនឹងក្លាយជាទិសដៅសំខាន់សម្រាប់គម្រោងឧស្សាហកម្ម និងផលិតកម្មនៅកម្ពុជា។ ប្រសិនបើការវិនិយោគដែលបានបង្ហាញចំណាប់អារម្មណ៍ទាំងនេះសម្រេចបាន វាត្រូវបានរំពឹងថានឹងបង្កើតឱកាសការងារបន្ថែមរាប់ម៉ឺនកន្លែង និងពង្រឹងតួនាទីខេត្តជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់មួយរបស់កម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times