នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Baidu បានដាំក្បាលចុះជាខ្លាំងរហូតដល់ ៧% បណ្ដាលឲ្យក្រុមហ៊ុនមួយនេះ ខាតលុយរហូតដល់ ២,៤ពាន់លានដុល្លារ ក្រោយស្ថាបនិកក្រុមហ៊ុន Robin Li ខកខានចូលរួមកិច្ចប្រជុំកំពូលមួយ រៀបចំដោយប្រធានាធិបតីចិន Xi Jinping។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា កាលពីម្សិលមិញ លោក Xi បានបើកកិច្ចប្រជុំកំពូលមួយ ដើម្បីគៀងគរធុរកិច្ចជនល្បីៗនៅប្រទេសចិន ស្វែងរកដំណោះស្រាយ ក្នុងការលើកស្ទួយវិស័យឯកជន និងជំរុញវិស័យបច្ចេកវិទ្យាចិនឲ្យកាន់តែខ្លាំង ដើម្បីប្រកួតប្រជែងជាមួយអាមេរិក។
នៅក្នុងកិច្ចប្រជុំធ្វើឡើងនៅទីក្រុងប៉េកាំង គេឃើញមានវត្តមានមហាសេដ្ឋី និងអ្នកជំនួញគ្រាក់ៗជាច្រើន រួមមាន ស្ថាបនិកក្រុមហ៊ុន Alibaba មហាសេដ្ឋី Jack Ma និងមេធំក្រុមហ៊ុន Huawei លោក Ren Zhengfei ជាដើម ប៉ុន្តែបែរជាមិនមានវត្តមានស្ថាបនិកក្រុមហ៊ុន Baidu ទៅវិញ។

ក្រុមវិនិយោគិន និងអ្នកសង្កេតទីផ្សារ ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះវត្តមានម្ចាស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំកំពូលៗ សម្រាប់កិច្ចប្រជុំដ៏សំខាន់បែបនេះ ដ្បិតអវត្តមានរបស់ម្ចាស់ក្រុមហ៊ុនមួយ អាចបង្កជាផលប៉ះពាល់ខ្លាំង ដល់ក្រុមហ៊ុនរបស់ពួកគេ។
អវត្តមានរបស់លោក Robin បានធ្វើឲ្យមានការសង្ស័យថា Baidu លែងជាបងធំក្នុងទីផ្សារបច្ចេកវិទ្យាចិនទៀតហើយ ដែលធ្វើឲ្យតម្លៃហ៊ុនរបស់ពួកគេធ្លាក់ចុះយ៉ាងឆាប់រហ័សបែបនេះ៕
អត្ថបទ៖ Luffy រូបភាព៖ CNN / SCMP