ផលិតផលខ្មែរដល់ទៅជាង ៣០ មុខឯណោះ ដែលកំពុងដាក់លក់ក្នុងទីផ្សារកូរ៉េខាងត្បូង ហើយក៏ទទួលបានការគាំទ្រខ្លាំងផងដែរនៅតាមបណ្ដាផ្សារទំនើបនានា។ នេះបើតាមឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បញ្ជាក់។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូលកន្លងទៅ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានជួបពិភាក្សាការងារទាក់ទងទៅនឹងផលិតផលកម្ពុជាក្នុងទីផ្សារកូរ៉េ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួន ផុនរតនៈ បានអះអាងថាបច្ចុប្បន្ននេះផលិតផលកម្ពុជាកំពុងមានលើទីផ្សារប្រទេសជឿនលឿនមួយនេះប្រមាណជាង ៣០ មុខហើយ។ ផលិតទាំងអស់នោះ ក៏ទទួលបានការគាំទ្រច្រើនផងដែរ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ផលិតផលរបស់កម្ពុជាមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនខ្មែរដែលរស់នៅកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការពេញនិយមពីសំណាក់ប្រជាជននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលរស់នៅក្នុងប្រទេសកូរ៉េផងដែរ។
ដោយឡែក ឯកឧត្តម មៀវ សុខទ្រី បានលើកឡើងថា កត្តាជំរុញដ៏សំខាន់ដែលធ្វើឱ្យផលិតផលខ្មែរកាន់តែមានវត្តមានច្រើននៅទីផ្សារកូរ៉េខាងត្បូង គឺកើតចេញពីស្មារតីជាតិនិយមរបស់បងប្អូនខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅទីនោះ។ ពលរដ្ឋខ្មែរបានងាកមកគាំទ្រ និងលើកកម្ពស់ផលិតផលជាតិខ្លួនយ៉ាងសកម្ម ដែលនេះជាកម្លាំងចលករដ៏ធំមួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចកម្ពុជានៅក្រៅប្រទេស៕


អត្ថបទ៖ ឆដា, រូបភាព៖ ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ




