សិស្សឆ្នើមកម្ពុជា ១៣ នាក់ ចេញទៅប្រកួតគណិតវិទ្យាអន្តរជាតិ ដណ្តើមបានមេដាយ មាស ប្រាក់ សំរឹទ្ធគ្រប់គ្នា

ការប្រកួត​ក្នុង​កម្មវិធី Nextgen Olympiad នៅ​ប្រទេសអូស្ត្រាលី កាលពី​ពេល​កន្លង​ទៅ​សិស្ស​ឆ្នើម​ដែល​ទៅ​ពី​កម្ពុជា ដណ្ដើម​បាន​មេដាយមាស ប្រាក់ សំរឹទ្ធ ក្នុង​ចំណោម​សិស្ស​ជាង ២០០ នាក់​មកពី ១៨ ប្រទេស។

តាមដានជាមួយយើង៖ Million Times

កម្មវិធីនេះធ្វើឡើងក្រោមការសម្របសម្រួលរបស់ក្រុមហ៊ុន Bright Education Consultant and Travel Co.,Ltd ដែល​ជា​ក្រុមហ៊ុន​រៀបចំ​ការ​ប្រកួតប្រជែង​របស់​សិស្ស ហើយ​ក្រុមហ៊ុន​តែងតែ​រៀបចំ​កម្មវិធី​ប្រកួតប្រជែង បែប​នេះ​ជា​បន្តបន្ទាប់។

កម្មវិធី Nextgen Olympiad វគ្គ Global round ដែល​ប្រឡង​ផ្ដោត​លើ​មុខវិជ្ជា គណិតវិទ្យា បាន​ធ្វើ​ឡើង​​នៅ​ប្រទេស​អូស្ត្រាលី ហើយ​ចំពោះ​កូន​សិស្ស​ពី​កម្ពុជា ដែល​បាន​ទៅ​ចូលរួម​មាន ១៣នាក់ ហើយ​ក្នុង​នោះ​ទទួល​បាន​មេដាយ​មាស ៦ នាក់, ប្រាក់ ៤ នាក់ និង​មេដាយ​សំរឹទ្ធ ៣នាក់។

កម្មវិធី Nextgen Olympiad មាន​កូន​សិស្ស​មកពី ១៨ ប្រទេសចូលរួម និង​មាន​កូន​សិស្ស​ជាង ២០០ នាក់​ចូលរួម​ប្រកួត ហើយ​រយៈលទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា សមត្ថភាព​កូនខ្មែរ​ខ្លាំង​មិនធម្មតាឡើយ។

សិស្សឆ្នើមកម្ពុជា ដែលបានទៅចូលរួមកម្មវិធីប្រកួតនេះបាន​ឲ្យដឹងថា មុន​ពេលទៅចូលរួមប្រកួត រូប​គេ​បាន​ចំណាយ​ពេល​ជាច្រើន ធ្វើ​ការ​សិក្សាស្រាវជ្រាវ​ពីរូបមន្ត និងមេរៀនគណិតវិជ្ជាផ្សេងៗ ក៏​ដូចជាធ្វើការដោះស្រាយ​លំហាត់ជាច្រើនដង ដើម្បី​ចាំច្បាស់ និងត្រៀមខ្លួនឱ្យបានរួចរាល់ មុនទៅចូលរួមប្រកួតផងដែរ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ cpp.org.kh