កាលពីថ្ងៃអង្គារ ទី២២ ខែមេសា ប្រធានាធិបតី Donald Trump បានបង្ហាញការគាំទ្រ ចំពោះផែនការផ្ដល់ប្រាក់រង្វាន់រហូតដល់ ៥ ០០០ដុល្លារ ដើម្បីលើកទឹកចិត្តឲ្យប្រជាជនអាមេរិកបង្កើតការយកកូន ដើម្បីជំរុញអត្រាកំណើតឡើងវិញ។


លោក Trump បានប្រាប់សារព័ត៌មាន The Post នៅការិយាល័យពងក្រពើថា វាគឺជាគំនិតដ៏ល្អមួយ ដែលផ្ដល់ប្រាក់រង្វាន់សម្រាប់ជនជាតិអាមេរិក ក្នុងការយកកូន ខណៈរដ្ឋបាលរបស់លោកក៏មានផែនការស្រដៀងគ្នា ដោយគម្រោងនេះមានឈ្មោះថា Baby Bonus។
គេហទំព័រ New York Times ចុះផ្សាយថា អ្នកជំនាញផ្នែកនយោបាយ និងទីប្រឹក្សារបស់លោក Trump បានជួបប្រជុំគ្នា ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការធ្លាក់ចុះនៃអត្រាកំណើត ដោយរៀបចំផែនការបញ្ចុះបញ្ចូលឲ្យស្ត្រី យកកូនបន្ថែមទៀត ខណៈរដ្ឋាភិបាលចាំផ្ដល់ប្រាក់រង្វាន់ និងការគាំទ្រផ្សេងៗ។
រដ្ឋបាលលោក Trump កំពុងពិចារណាលើជម្រើសជាច្រើន ដោយក្នុងនោះរួមមាន ការផ្ដល់ប្រាក់រង្វាន់សុទ្ធ ៥ ០០០ដុល្លារ ការផ្ដល់អាហាររូបករណ៍ ៣០% សម្រាប់ការសិក្សារបស់កុមារដែលទើបកើត រហូតដល់បញ្ចប់ការសិក្សា និងបង្កើតកម្មវិធីអប់រំស្ត្រី អំពីវត្តរដូវ ដើម្បីឲ្យពួកគេស្វែងយល់កាន់តែច្បាស់ពីផែនការយកកូន។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយ អាមេរិកជួបប្រទះវិបត្តិនៃការធ្លាក់ចុះអត្រាកំណើត ដោយកាលពីឆ្នាំ២០២៣ អត្រាកំណើតនៅអាមេរិកធ្លាក់ដល់ចំណុចទាបបំផុត ដោយមានទារកកើតប្រហែល ៣,៦លាននាក់ ខណៈតួលេខនេះគឺជាចំនួនតិចតួចបំផុតតាំងពីឆ្នាំ១៩៧៩៕
អត្ថបទ៖ Luffy រូបភាព៖ BBC