អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃនៅកម្ពុជា លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីថៃ បាននាំមកនូវឯកសារចំនួន ៧ឯកសារ សម្រាប់ចុះកិច្ចព្រមព្រៀងជាមួយភាគី នាព្រឹកថ្ងៃទី២៣ ខែមេសានេះ នៅវិមានសន្តិភាព។
បន្ទាប់ពីចប់កិច្ចប្រជុំចង្កៀត និងជំនួបពិភាក្សាទ្វេភាគីនាយករដ្ឋមន្រ្តីលោកស្រី Paetongtarn Shinawatra និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចូលរួមធ្វើជាសាក្សីនៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី សក្ខីភាពពិធីចុះហត្ថលេខាចំនួន ៧ ឯកសារ ក្នុងនោះរួមមាន៖


១៖ កិច្ចព្រមព្រៀង ស្តីពីការប្រើប្រាស់កម្លាំងពលកម្ម រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ។
២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
៣៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែន។
៤៖ កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការគ្រប់គ្រង ថែទាំ និងប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
៥៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងថៃ ស្តីពីការសាងសង់ស្ពានព្រំដែនផ្សារព្រំ-បានផាកាត។
៦៖ កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេស លើការសិក្សាស្តីពីសមិទ្ធិលទ្ធភាព លើគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥៧ (បាត់ដំបង-ច្រកទ្វារអន្តរជាតិព្រំ) រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជិតខាងថៃ។
៧៖ ការចុះលិខិតប្តូរសារ ស្តីពីគម្រោងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ដែលស្របពេលប្រទេសទាំង២ ប្រារព្ធខួប ទី ៧៥ នៃទំនាក់ទំនងការទូត ដែលក្រសួងការបរទេសកម្ពុជា ចាត់ទុកថា នឹងពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។
នេះគឺជាការបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកដំបូង ចាប់តាំងពី លោកស្រី Paetongtarn Shinawatra ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។ លោកស្រីធ្លាប់ធ្វើទស្សនកិច្ចនៅកម្ពុជានៅខែមីនា ឆ្នាំ២០២៤ ដោយកាលនោះលោកស្រី ជាប្រធានបក្សភឿថៃ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី