លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី នាព្រឹកថ្ងៃពុធនេះ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃពុធទី២៣ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ស្របពេលដែលព្រះរាជាណាចក្រទាំងពីរប្រារព្ធខួបទី៧៥ នៃទំនាក់ទំនងការទូត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ផែថងថា ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី កើតមានឡើងស្របពេលដែល ព្រះរាជាណាចក្រទាំងពីរប្រារព្ធខួប ទី៧៥នៃទំនាក់ទំនងការទូត ដែលនឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ។


ពិធីបដិសណ្ឋារកិច្ចផ្លូវការ បានប្រារព្ធនៅវិមានសន្តិភាពបន្ទាប់មក នាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគី ពិភាក្សាពីការកំណត់ទិសដៅសកម្មភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងធ្វើជាសាក្សី នៅក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗ និងពិធីសម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍លើកទី៧៥ នៃការភ្ជាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃផងដែរ។
នៅរសៀលថ្ងៃនេះ គណៈប្រតិភូរបស់នាយករដ្ឋមន្រ្តីនឹងអញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ, ថ្វាយកម្រងផ្កាព្រះបរមរតនកោដ្ឋ ជំនួបសម្តែងការ គួរសមជាមួយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា, ជំនួបសម្តែង ការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅវិមានសន្តិភាព។ នៅព្រឹកថ្ងៃទី២៤ ខែមេសា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងស្វាមី នឹងមានព្រះរាជសវនាការជាមួយ ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី