នាថ្ងៃអង្គារ ទី២២ ខែមេសា នាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បាននិយាយថា កិច្ចចរចាបញ្ហាពន្ធគយរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក ត្រូវបានពន្យារពេល ដោយសាររដ្ឋបាលប្រធានាធិបតី Donald Trump ប្រាប់ឲ្យទីក្រុងបាងកក ពិនិត្យមើលបញ្ហាសំខាន់ៗ មុនចាប់ផ្ដើមកិច្ចចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។


លោកស្រីនាយករដ្ឋមន្ត្រីបានអះអាងថា កាលបរិច្ឆេទនៃកិច្ចចរចាថ្មីរវាងភាគីទាំង២ ត្រូវបានកំណត់ពេលរួចហើយ ប៉ុន្តែមិនបញ្ជាក់លំអិតពីរឿងនេះជាសាធារណៈឡើយ ខណៈកាលកំណត់លើកមុនគឺថ្ងៃទី២៣ ខែមេសា។
ប្រទេសថៃរងនូវការទារពន្ធទំនិញបន្ថែមរហូតដល់ ៣៦% ពីប្រធានាធិបតី Donald Trump បើសិនជាពួកគេបរាជ័យ ក្នុងការចរចាជាមួយភាគីអាមេរិក ដែលទុកពេលឲ្យមានការចរចាពីបញ្ហាមួយនេះ រហូតដល់ខែកក្កដា។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសថៃ ដោយកាលពីឆ្នាំទៅទីក្រុងបាងកក បាននាំចេញទំនិញសរុបដល់ទៅ ១៨,៣% ឬប្រហែល ៥៥ពាន់លានដុល្លារ។ ក្រោយអាមេរិកគម្រាមទារពន្ធបែបនេះ រយៈពេលមួយត្រីមាសដំបូង ថៃខាតបង់ធំ ដោយការនាំចេញអង្កររបស់ពួកគេទៅទីផ្សារអាមេរិក ធ្លាក់ចុះដល់ទៅ ៣០% ឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ The Strait Times