Trump បញ្ជាឲ្យធនាគារកណ្ដាលអាមេរិក ប្រញាប់កាត់បន្ថយអត្រាការប្រាក់ជាបន្ទាន់

ប្រធានាធិបតី Donald Trump នៅតែទទូចឲ្យលោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក ប្រញាប់ប្រញាល់ដោះស្រាយបញ្ហាការប្រាក់ជាបន្ទាន់ ដោយទាមទារឲ្យមានការកាត់បន្ថយអត្រាការប្រាក់ភ្លាមៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

លោក Trump បានសរសេរសារលើបណ្ដាញសង្គមថា បច្ចុប្បន្នអាមេរិកស្ទើរតែគ្មានហានិភ័យនៃការកើតមានវិបត្តិអតិផរណា ដូច្នេះហើយការកាត់បន្ថយអត្រាការប្រាក់ នឹងផ្ដល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ច។

តាមដានជាមួយយើង៖ Million Times

អ្នកតាមដានសេដ្ឋកិច្ចពិភពលោកយល់ឃើញថា លោក Trump ចង់ពន្លឿនការកាត់បន្ថយអត្រាការប្រាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការងើបឡើងយឺតនៃសេដ្ឋកិច្ចអាមេរិក ដែលរងឥទ្ធិពលពីផែនការទារពន្ធគយរបស់លោក ពោលទំនិញនៅអាមេរិកឡើងថ្លៃ ស្របពេលស្ថានភាពពាណិជ្ជកម្មពិភពលោក ជួបភាពរាំងស្ទះ។

ទោះជាយ៉ាងណា លោក Powell មានការរារែកក្នុងការបញ្ចុះអត្រាការប្រាក់ក្នុងស្ថានភាពមួយនេះ ដោយព្រួយបារម្ភពីការកើតមានវិបត្តិអតិផរណា ខណៈបច្ចុប្បន្នធនាគារកណ្ដាល កំពុងតាមដានស្ថានភាពសេដ្ឋកិច្ចពិភពលោកយ៉ាងហ្មត់ចត់ មុននឹងសម្រេចចិត្តចំពោះការបញ្ជារបស់លោក Trump។

គួរជម្រាបដែរថា បច្ចុប្បន្នអត្រាការប្រាក់ចេញដោយធនាគារកណ្ដាលអាមេរិកមានចន្លោះពី ៤,២៥% រហូតដល់ ៤,៥០% ខ្ពស់ជាងបណ្ដាប្រទេសមហាអំណាចមួយចំនួនដូចជា ចិនមាន ៣,១% និងសហភាពអឺរ៉ុបមានត្រឹម ២,៤% ប៉ុណ្ណោះ៕

អត្ថបទ៖ Luffy រូបភាព៖ BBC