សេដ្ឋីនីវៀតណាម Truong My Lan រួចផុតពីការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត

លោកស្រី Truong My Lan សេដ្ឋីនីក្នុងវិស័យជំនួញអចលនទ្រព្យត្រូវបានតុលាការសម្រេចលើកលែងទោស ពីការដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីមើលឃើញថា លោកស្រីខិតខំប្រឹងប្រែងសងជំងឺចិត្ត ចំពោះជនរងគ្រោះដែលលោកស្រីធ្លាប់ឆបោករយៈពេលច្រើនឆ្នាំមកនេះ។

តាមដានជាមួយយើង៖ Million Times

តុលាការប្រជាជនក្រុងហូជីមិញបានសម្រេចបន្ធូរបន្ថយទោសរបស់សេដ្ឋីនីរូបនេះ ពីការដាក់ពន្ធនាគារអស់មួយជីវិត មកនៅត្រឹមរយៈពេល ៣០ឆ្នាំ បន្ទាប់ពីរកឃើញថា លោកស្រីជាមេខ្លោងនៃការឆបោកប្រាក់សរុបជាង ១ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។

តុលាការបានឲ្យដឹងថា លោកស្រី​ Lan បានលក់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើន ដើម្បីសងជំងឺចិត្តដល់ជនរងគ្រោះ ខណៈទង្វើនេះគឺជាការដឹងខុស ហើយគួរតែទទួលបានសម្រាលទោសខ្លះ។

បើទោះជាបច្ចុប្បន្ន លោកស្រី Truong My Lan ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំក្ដី ប៉ុន្តែលោកស្រីក៏កំពុងប្រឈមជាមួយការកាត់ទោសប្រហារជីវិតដូចគ្នា ពីបទល្មើសកិបកេបប្រាក់ធនាគារ Saigon Commercial Bank ខណៈលោកស្រីកំពុងប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់តុលាការ៕

អត្ថបទ៖ Luffy រូបភាព៖ VietnamNet