នាយករដ្ឋមន្ត្រីចូលរួមសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃ ២២ ខែមេសា ឆ្នាំ ២០២៥។ Ford ជាម៉ាករថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក ហើយមានលើទីផ្សាររបស់កម្ពុជាយូរឆ្នាំមកហើយ។


សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ក្រុមហ៊ុនរថយន្ត Ford របស់អាមេរិក ហ៊ានដាក់ទុនរាប់លានដុល្លារនៅកម្ពុជា ព្រោះគេយល់ថា កម្ពុជាអាចធានាស្ថិរភាព សន្តិសុខ សន្តិភាព រយៈពេលវែង អំណោយផលដល់ការវិនិយោគ ដែលនេះ ជាមោទភាពមួយរបស់ពលរដ្ឋកម្ពុជា។ សម្ដេចបញ្ជាក់ថា កាលណាប្រទេសជាតិមួយគ្មានស្ថិរភាព គ្មានសន្តិភាព ផ្ទុះសង្គ្រាម ក្រុមហ៊ុនដែលកំពុងវិនិយោគ និងវេចបង្វេចទៅស្រុកវិញឈប់វិនិយោគ។
បើតាមសម្ដេច ហ៊ុន ម៉ាណែត ពីមុនក្រុមហ៊ុន Ford នាំចូលគ្រឿងបង្គុំរថយន្តពីក្រៅប្រទេសចូលមកកម្ពុជា ដើម្បីផ្គុំចេញជារថយន្ត ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនឈានដល់កម្រិតផលិតគ្រឿងបង្គុំនៅកម្ពុជា កាត់បន្ថយការនាំចូលទាំងស្រុងដូចមុនទៀត។ ជាមួយគ្នានេះសម្ដេចដាក់ក្ដីសង្ឈឹមថា អនាគតឧស្សាហកម្មយានយន្តផលិតគ្រឿងបង្គុំនៅកម្ពុជា ហើយសហការជាមួយក្រុមហ៊ុនផលិតសម្ភារៈបង្គុំក្នុងស្រុកឱ្យកាន់ច្រើន។

លោក Kevin Whitcraft ប្រធានក្រុមហ៊ុន RMA Group បានឱ្យដឹងថា ក្រៅពីការនាំចូលរថយន្តមក ចែកចាយនៅលើទីផ្សាររបស់កម្ពុជាហើយនោះ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគដំបូងចំនួន ២១ លានដុល្លារ ដើម្បីសាងសង់រោងចក្រដំឡើងរថយន្តលើផ្ទៃ ដី ៥ហិកតា កាលពីឆ្នាំ ២០២២។
លោកបន្តថា ក្រុមហ៊ុនបានបង្កើតរោងចក្រដំឡើងគ្រឿងបង្គុំថ្មីបន្ថែមមួយទៀត (Sub-Assembly Plant) ដែលអាចផ្ដល់ឱកាសការ ងារ បាន ជា ច្រើន កន្លែងទៀត។ បន្ថែមពីលើនោះ ក្រុមហ៊ុនបានពង្រីកការវិ និយោ គ ពី ២១លានដុល្លារអាមេរិក ទៅ ២៦,៨លានដុល្លារអាមេរិក និងបាន ពង្រីកផ្ទៃដីសាងសង់រោងចក្រពី ៥ហិកតា រហូតដល់ ១២ហិកតា។ លោកបន្ថែមថា ក្រុមហ៊ុនមាន បុគ្គ លិកសរុបជាង ៤,០០០នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣នាក់៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ AKP