ចិន​ជំរុញ​ឲ្យ​បញ្ចប់​សង្គ្រាម​ពាណិជ្ជកម្ម ដោយព្រមាន​ពន្ធគយនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិក លោក Xie Feng បានជំរុញទីក្រុងវ៉ាស៊ីនតោន ឱ្យស្វែងរកចំណុចរួមជាមួយទីក្រុងប៉េកាំង និងបន្តការរួមរស់ដោយសន្តិភាព ដោយព្រមានថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីសងសឹកក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង។

ថ្លែងនៅក្នុងវេទិកាសាធារណៈមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍ ដែលបង្ហោះនៅលើគេហទំព័ររបស់ស្ថានទូតចិន លោក Xie បាននិយាយថា ពន្ធគយនឹងបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោក និងទាក់ទាញភាពស្របគ្នារវាងវិបត្តិសេដ្ឋកិច្ចដ៏ធំ និងពន្ធដែលដាក់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៣០ ។

តាមដានជាមួយយើង៖ Million Times

លោក Xie បាននិយាយថា ភាពសុខដុមរមនាគួរតែដឹកនាំរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។ លោកបានលើកជាឧទាហរណ៍ថា «​រូបមន្ត​ឱសថ​បុរាណ​ចិន​ដ៏​ល្អ​មួយ​ជា​ធម្មតា​រួម​បញ្ចូល​សារធាតុ​ផ្សំ​ជាច្រើន​ដែល​ពង្រឹង​ដល់​គ្នា​ទៅវិញទៅមក និង​បង្កើត​ប្រសិទ្ធភាព​ផ្នែក​វេជ្ជសាស្រ្ដ​ដ៏​ល្អ​បំផុត​»​។

លោក​បន្ត​ថា​ ដូច​គ្នា​ដែរ ផែនដី​ក៏​ធំ​ល្មម​អាច​ទទួល​បាន​ទាំង​ចិន និង​អាមេរិក​ផង​ដែរ។ «យើង​គួរ​បន្ត​ការ​រួមរស់​ដោយ​សន្តិវិធី ជា​ជាង​ការ​ប៉ះ​ទង្គិច​គ្នា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជោគជ័យ ជាជាង​ជាប់​ក្នុង​សេណារីយ៉ូ​ចាញ់​ឈ្នះ»។

បើតាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម​អាមេរិក ក្នុងឆ្នាំ២០២៤ ចិន​ជា​ដៃគូ​ពាណិជ្ជ​ដ៏​ចម្បង​បំផុត​របស់​អាមេរិក ដែល​មានទំហំជិត ៣០០ ពាន់​លានដុល្លារ​នៃការ​ដោះដូរពាណិជ្ជកម្ម​ទ្វេភាគី។​ ​ទោះបីជាដៃគូរពាណិជ្ជកម្មដ៏ធំរវាងគ្នាក្តីនេះប្រទេសមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នារឿងពន្ធគយថ្មីៗ ដែលដំឡើងដោយប្រធានាធិបតីអាមេរិក Donald Trump លើការនាំចូលទំនិញពីចិនដល់ ២៤៥% ដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត។ 

ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា ការដំឡើងពន្ធទំនិញនាំចូលរបសចិនរហូតដល់ ២៤៥% ដើម្បីជាការឆ្លើយតបទៅកាន់ចិនវិញ ក្រោយទីក្រុងប៉េកាំងប្រកាសពន្ធសងសឹកលើអាមេរិក ១២៥%៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters