កំពង់ផែទេសចរណ៍អន្តរជាតិកំពត (Kampot International Tourism Port) សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃចន្ទ ទី២១ ខែមេសានេះ ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូក ខេត្តកំពត។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនេះ គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។


គម្រោងនេះប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ADB និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍លើកឡើងថា ក្រោយបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់សម្រាប់តភ្ជាប់ប្រព័ន្ធគមនាគមន៍ជាតិ និងជាមេដែកដ៏រឹងមាំក្នុងការស្រូបទាញទេសចរជាតិ អន្តរជាតិ ឆ្ពោះមកកាន់ខេត្តកំពត។

លើសពីនេះ កំពង់ផែក៏នឹងតភ្ជាប់ប្រព័ន្ធផ្លូវទឹកពីខេត្តព្រះសីហនុ ខេត្តកែប កោះត្រល់(ប្រទេសវៀតណាម) និងប្រទេសថៃ ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតបានងាយស្រួល។ នេះជាផ្នែកមួយជួយសម្រួលដល់ការដឹកជញ្ជូនភ្ញៀវទេសចរទៅកាន់បណ្តាកោះនានានៅភាគខាងត្បូង និងតភ្ជាប់ខេត្តកំពតនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក៕

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រសួងសាធារណការ