លោក Wang Wenbin៖ ភាគីចិនយល់យ៉ាងច្បាស់ថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាសេចក្តីប្រាថ្នាដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា

កម្ពុជា​ និង​ចិន​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​មាន​តម្លៃ ១១៥៦ លាន​ដុល្លារ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់ប្រធានាធិបតីចិន Xi Jinping។ 

គម្រោងព្រែកជីក​ហ្វូណន​តេជោ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងការកែប្រែមុខមាត់កម្ពុជា នៅក្នុងវិស័យនាវាចរណ៍ តាមផ្លូវទឹកសាបទៅកាន់សមុទ្រ ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

តាមដានជាមួយយើង៖ Million Times

ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបញ្ជាក់ថា ប្រទេសចិនយល់ច្បាស់ពីតម្រូវការរបស់កម្ពុជា ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន ហើយនឹងបន្តផ្តល់ការគាំទ្រ។

ក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្ថានទូតចិន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន Xi Jinping មកកាន់កម្ពុជា នារសៀលថ្ងៃសៅរ៍នេះ លោក Wang Wenbin លើកឡើងថា ប្រទេសចិនបានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ហើយលោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងទស្សនកិច្ចមេដឹកនាំចិន។

លោកបានគូសបញ្ជាក់ថា «ភាគីចិនយល់យ៉ាងច្បាស់ថា គម្រោងនេះគឺជាសេចក្តីប្រាថ្នាដ៏សំខាន់របស់រដ្ឋាភិបាលកម្ពុជា យើងទទួលស្គាល់យ៉ាងពេញលេញនូវតម្រូវការ និងកង្វល់របស់កម្ពុជា ហើយយើងនឹងបន្តផ្តល់ការគាំទ្រ»។

គួរកត់សម្គាល់ថា កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខា រួមមានដូចជា៖  (១)  កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC/ AKP