កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានទម្លាយថា នាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE កំពុងមមាញឹក ក្នុងការពន្លឿនការដាក់លក់ទិដ្ឋាការមាស តម្លៃ ៥លានដុល្លារក្នុងមួយសន្លឹកជាផ្លូវការ ចាប់ពីសប្ដាហ៍ក្រោយតទៅ។
ទីភ្នាក់ងារព័ត៌មាន Palm Beach Post បានចុះផ្សាយថា បច្ចុប្បន្ន DOGE កំពុងពន្លឿនប្រតិបត្តិការមួយនេះជាបន្ទាន់ បន្ទាប់ពីលោក Musk បានជជែកត្រូវរ៉ូវគ្នាជាមួយប្រធានាធិបតី Donald Trump ពាក់ព័ន្ធនឹងកាលបរិច្ឆេទបញ្ចេញលក់ទិដ្ឋាការមាសនេះ។


គួររំលឹកបន្តិចថា ផែនការលក់ទិដ្ឋាការមាស Gold Card ដែលមានតម្លៃ ៥លានដុល្លារក្នុងមួយសន្លឹក របស់ប្រធានាធិបតី Donald Trump នឹងអនុញ្ញាតឲ្យប្រជាជនប្រទេសផ្សេង ទទួលបានឱកាសក្លាយជាជនជាតិអាមេរិកស្របច្បាប់ និងលឿនជាងកម្មវិធីណាទាំងអស់។
ការបង្កើតទិដ្ឋាការមាសនេះផងដែរ លោក Trump អះអាងថា ដើម្បីលុបចោលកម្មវិធីទិដ្ឋាការ EB-5 ដែលលោកសង្កត់ធ្ងន់ថា ជាភាពធូររលុងរបស់រដ្ឋាភិបាលជំនាន់មុន ដ្បិតឧក្រិដ្ឋជនបរទេសផ្សេងៗ បានចូលមកអាមេរិកតាមរយៈកម្មវិធី EB-5 ដោយគ្រាន់តែចំណាយលុយតិចតួចប៉ុណ្ណោះ។
លោក Trump បញ្ជាក់ថា ផែនការលក់ទិដ្ឋាការមាសរបស់លោក នឹងជួយបង្កើនចំណូលជូនរដ្ឋជាច្រើនពាន់លានដុល្លារ និងអាចកាត់បន្ថយបំណុលរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកផងដែរ៕
អត្ថបទ៖ Luffy រូបភាព៖ Barron’s