ក្រុមហ៊ុន MP Materials ដែលកំពុងធ្វើអាជីវកម្មអណ្តូងរ៉ែកម្ររបស់សហរដ្ឋអាមេរិកតែមួយគត់ បាននិយាយថា ខ្លួនបានបញ្ឈប់ការនាំសារធាតុរ៉ែសំខាន់ៗទៅប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានដំឡើងពន្ធនាំចូលដល់ ១២៥% ជាការឆ្លើយតបទៅនឹងការយកពន្ធរបស់សហរដ្ឋអាមេរិក ដោយបានធ្វើឱ្យភាគហ៊ុនក្រុមហ៊ុនធ្លាក់ចុះជិត ៥% ។
សារព័ត៌មាន Reuters ផ្សាយថា ការផ្អាកនាំសារធាតុរ៉ែកម្រនេះបានរារាំងដល់ប្រភពចំណូលដ៏សំខាន់មួយរបស់ក្រុមហ៊ុន MP Materials ដែលបានពឹងផ្អែកលើដៃគូចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។


គួរឲ្យដឹងថា សារធាតុ Rare Earths គឺជាក្រុមនៃលោហៈចំនួន ១៧ ដែលត្រូវបានប្រើប្រាស់ដើម្បីបង្កើតជាមេដែកដែលបំលែងថាមពលទៅជាចលនាសម្រាប់រថយន្តអគ្គិសនី ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត។ ចិនគឺជាទីផ្សារដ៏ធំបំផុតរបស់ពិភពលោកជាយូរមកហើយ។
ក្រុមហ៊ុន MP បានផលិតរ៉ែកម្រពីថ្មចេញពីអណ្តូងរ៉ែនៅរដ្ឋកាលីហ្វ័រញ៉ា ហើយភាគច្រើនលក់ទៅឲ្យក្រុមហ៊ុន Shenghe Resources ដែលមានមូលដ្ឋាននៅប្រទេសចិន ជាម្ចាស់ភាគហ៊ុនធំទី៤ របស់ MP ៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters