៣ថ្ងៃ សង្ក្រាន្តវត្តភ្នំនិងតំបន់ផ្លូវថ្មើរជើងមាត់ទន្លេ ទទួលស្វាគមន៍ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជិត ៣លាននាក់

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានប្រជាពលរដ្ឋរួមជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិត ៣លាននាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) ។ នេះបើយោងតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានឲ្យដឹងថា «នៅថ្ងៃទី៣ជាថ្ងៃវារៈឡើងស័ក មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន១លាន ៥សែននាក់ បាននាំគ្នាមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) ចំណែកថ្ងៃទី២ វារៈវ័នបត មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺន ខណៈនៅថ្ងៃមហាសង្រ្កាន្ត មានប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណ៤៨ម៉ឺននាក់។

លោកស្រី ដោ សម្ផស្ស បានបន្តថា ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥» មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន៨០ម៉ឺននាក់ និងនៅថ្ងៃទី៣ កើនដល់ចំនួន១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។

សូមជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍«សង្ក្រាន្ដវត្តភ្នំ ឆ្នាំ២០២៥» ដើម្បីអបអរឆ្នាំថ្មី ឆ្នាំម្សាញ់ នៅរមណីយដ្ឋានប្រវត្តិសាស្ដ្រវត្តភ្នំ មានរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសា ដោយឡែកតំបន់ Walk Street មាត់ទន្លេ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃសៅរ៍ ទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។

អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ