ប្រធានាធិបតីចិន ជំរុញឱ្យវៀតណាមទប់ទល់នឹងការដាក់សម្ពាធពន្ធពីមេដឹកនាំអាមេរិក

ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញវៀតណាមឱ្យខិតខំរើបម្រះនឹងការដាក់សម្ពាធពន្ធគយរបស់សហរដ្ឋអាម៉េរិក និងរក្សាពាណិជ្ជកម្មសេរី បើកចំហ ខណៈដែលលោកចាប់ផ្តើមដំណើរទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឡើងកម្តៅសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក។

មេដឹកនាំចិនបានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃចន្ទ ហើយគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងកម្ពុជា ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ ដើម្បីបញ្ជាក់ពីជំហរគាំទ្ររបស់ចិនក្នុងការធើ្វជាទីផ្សារនាំចេញផលិតផលរបស់បណ្តាប្រទេសជាដៃគូនៅក្នុងតំបន់អាស៊ី ជំនួសឱ្យការបន្តពឹងផ្អែកលើសហរដ្ឋអាម៉េរិកនៅថ្ងៃខាងមុខ ស្របពេលដែលកំណើនវិនិយោគរបស់ចិននៅតាមបណ្ដាប្រទេសទាំងនេះកំពុងមានសន្ទុះខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

តាមដានជាមួយយើង៖ Million Times

នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំកំពូលរបស់វៀតណាមកាលពីថ្ងៃចន្ទ លោក Xi បាននិយាយថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីរក្សា “ស្ថិរភាពនៃប្រព័ន្ធពាណិជ្ជកម្មសេរីសកល និងបណ្តាញឧស្សាហកម្ម និងការផ្គត់ផ្គង់ ដើម្បីធានាដំណើរការផ្តោះប្តូរពាណិជ្ជកម្មដោយនិរន្តរភាព”។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua ។

លោក Xi បន្ថែមថា ទីផ្សារដ៏ធំរបស់ចិនគឺតែងតែបើកចំហសម្រាប់វៀតណាម នឹងថា ចិន និងវៀតណាមគួរតែពង្រឹងការផ្តោតជាយុទ្ធសាស្ត្រ និងរួមគ្នាប្រឆាំងនឹងការគំរាមកំហែងឯកតោភាគី។ លោក​​មាន​ប្រសាសន៍​ថា​៖ «កូនទូកដែលពិបាកទប់ទល់នឹងឥទ្ធិពលរបស់ព្យុះភ្លៀង លុះត្រាតែព្រមស្ថិតនៅរួមគ្នាជាមួយបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ទើបអាចជួយឱ្យវៀតណាមបន្តដំណើរទៅមុខដោយស្ថិរភាព៕»​។

​វៀតណាម និង​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​ការដំឡើង​ពន្ធ​របស់​លោក Trump ក្នុង​អត្រា ៤៦% និង ៤៩% រៀង​ខ្លួន​មុន​ពន្យាពេល ៩០ថ្ងៃដើម្បីបើកឲ្យមានការចរចារ។

កាលពីថ្ងៃចន្ទ លោក Trump បាននិយាយពីការិយាល័យរាងពងក្រពើថា ជំនួបរវាងលោក Xi និងសមភាគីវៀតណាមរបស់លោក គឺលោក To Lam គឺមានបំណងធ្វើឱ្យប៉ះពាល់ដល់សហរដ្ឋអាមេរិក។ លោក​​ថ្លែង​ថា​៖ ខ្ញុំ​មិន​បន្ទោស​ចិន​ទេ ខ្ញុំ​មិន​បន្ទោស​វៀតណាម​ទេ នោះជាកិច្ចប្រជុំដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយព្យាយាមរកឱ្យឃើញនូវវិធីសាស្រ្តកម្ចាត់សហរដ្ឋអាមេរិក?

គួរឲ្យដឹងថា អំឡុងទស្សនកិច្ចនៅទីក្រុងហាណូយ របស់មេដឹកនាំមហាយក្សចិន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បាននិយាយថា ប្រទេសទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤០ លើវិស័យជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើផ្លូវដែក ពាណិជ្ជកម្មកសិកម្ម និងឌីជីថល និងសេដ្ឋកិច្ចបៃតង។ នេះបើយោងតាមសារព័ត៌មាន Reuters ។

ប្រទេសវៀតណាមបានអនុម័តផែនការសាងសង់ផ្លូវរថភ្លើងតម្លៃ ៨.៣ ពាន់លានដុល្លារដែលតភ្ជាប់ទីក្រុងកំពង់ផែភាគខាងជើងរបស់ខ្លួននៃទីក្រុង Haiphong ទៅកាន់ប្រទេសចិន ដែលនឹងត្រូវបានផ្តល់មូលនិធិមួយផ្នែកដោយប្រាក់កម្ចីរបស់ចិន។ វៀតណាមក៏​កំពុង​សម្លឹង​រក​ទិញ​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​ចិន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​រដ្ឋ​ចិន COMAC ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Xinhua