ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ដីប្រមាណ ៦ពាន់ហិកតា នៅខេត្តស្ទឹងត្រែង ទុកឲ្យក្រុមហ៊ុនមួយបង្កើតរោងចក្រផ្នែកកសិ-ឧស្សាហកម្ម ដើម្បីបង្ខិតជិតគ្នានៃតំបន់នីមួយៗមានភាពប្រទាក់ក្រឡាគ្នា តភ្ជាប់ពីរាជធានីទៅតាមបណ្ដាខេត្តទាំងអស់។
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ពីត្បូងឃ្មុំ-កំពង់ចាម មានប្រសាសន៍ថា សម្តេចបានឯកភាពឲ្យមានការរៀបចំកែសម្រួលដីវិនិយោគជាង៦ពាន់ហិចតានៅស្ទឹងត្រែង ដើម្បីឲ្យក្រុមហ៊ុនមួយបង្កើតកសិកម្ម ហើយគ្រោងរៀបចំរោងចក្រនោះ ទៅជាខេត្តកសិ–ឧស្សាហកម្ម។


សម្ដេចសង្កត់ធ្ងន់ថា គ្រប់កន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជាពីមុនអាចនឹងឆ្ងាយពីគ្នាហើយដាច់ស្រយាល ដោយឡែក បច្ចុប្បន្ននេះ ឆ្ងាយប៉ុន្តែមិនដាច់ស្រយាលនោះទេ ពោលគឺនៅតាមតំបន់នីមួយៗមានភាពប្រទាក់ក្រឡាគ្នា តភ្ជាប់ពីរាជធានីទៅតាមបណ្ដាខេត្តទាំងអស់។
សម្ដេចបញ្ជាក់ថា «យើងនឹងខិតខំធ្វើយ៉ាងណា ឲ្យកាន់តែខិតជិតបន្តទៀត កាន់តែឆ្ងាយកាន់តែរួមជិត តាមរយៈពេលធ្វើដំណើរយើងមិនបង្រួមដីទេ ១៥០គីឡូនៅតែ១៥០គីឡូ ប៉ុន្តែធ្វើដំណើរកាន់តែលឿន ព្រោះមានផ្លូវច្រើនផ្លូវកាន់តែទំនើប ផ្លូវកាន់តែល្អ»។
លើសពីនេះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី គូសបញ្ជាក់ថា តំបន់ភាគឦសានដែលមានខេត្តចំនួន ៤ រួមមាន៖ មណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង នឹងរៀបចំជម្រុញដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់ ដើម្បីបង្ខិតជិតគ្នាឲ្យបានដូចខេត្តផ្សេងៗដែរ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី