ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប ឧកញ៉ា អ៊ឹង ឆៃងួន ជាអ្នកជំនួញដែលមានប្រវត្តិតស៊ូជាច្រើនឆ្នាំ ទម្រាំអាចក្លាយជាស្ថានីយទូរទស្សន៍ឈានមុខ និងជាទូរទស្សន៍ផលិតកម្មវិធីកម្សាន្តជាច្រើនក្នុងមួយឆ្នាំៗ។


ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ និងទូរទស្សន៍ហង្សមាស ធ្លាប់ប្រឡូកក្នុងជំនួញតូចតាចជាច្រើន ទម្រាំកកើតជាផលិតកម្មរស្មីហង្សមាស និងជាអ្នកជំនាញជោគជ័យខាងវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា។
តាមរយៈវីដេអូដែលបង្ហោះឡើងដោយកូនស្រីរបស់ ឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកវិទ្យុ និងទូរទស្សន៍ហង្សមាស បានអធិប្បាយថា ជំនួញដំបូងបំផុត លក់កំណាត់ ហើយក្រោយមកក៏ចាប់របរលក់មងដែលកាលនោះ ទីតាំងនៅនៅផ្សារចាស់។


ផ្លាស់មកពីផ្សារចាស់ម្ដុំមាត់ទន្លេ ឧកញ៉ា អ៊ឹង ឆៃងួន មកបានមករស់នៅម្ដុំផ្សារអូរឫស្សី ឃើញគេលក់បបរគ្រឿងឈាមជ្រូក ដាច់ក៏លក់តាមគេ តែគ្រានោះលក់បានប្រហែលជា ២ អាទិត្យប៉ុណ្ណោះ។ ក្រោយឈប់លក់បបរ ក៏បន្តរបរលក់មងម្ដងទៀត និងបន្ទាប់មក ទិញក្រដាសមកកាត់លក់ សម្រាប់មូលបារី។
ឧកញ៉ា អ៊ឹង ឆៃងួន បានរៀបរាប់ប្រាប់កូនស្រី អ្នកស្រី អ៊ឹង គីមលាង ទៀតថា ក្រោយៗមកទៀតគ្រួសារចាប់ផ្ដើមរបរជួលកាសែត ដែលនោះជារបរចាប់ផ្ដើមមានភាពជាប់លាប់ និងបន្តពង្រីកឥតឈប់ឈរ។
ថៅកែហង្សមាសបានបន្ថែមទៀតថា មានរបរជាច្រើនទៀតដែលធ្លាប់ធ្វើ ដើម្បីបានប្រាក់ និងរហូតអាចកសាងអាណាចក្រហង្សមាស ដូចដែលឃើញមកទល់សព្វថ្ងៃនេះ៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FB Cambodian Idol និង Ung Kim Leang