ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកនយោបាយមួយចំនួនដែលចង់ឱ្យចេញទៅចរចាដោយផ្ទាល់ពាក់ព័ន្ធសហរដ្ឋអាមេរិកដាក់អត្រាពន្ធលើទំនិញកម្ពុជា ថ្មីៗនេះ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា បើការចរចានេះលោក Donald Trump ចូលរួមចរចាសម្តេចនឹងចូលរួម និងថារាជរដ្ឋាភិបាល និងវិស័យឯកជនបានប្រជុំជាបន្ទាន់ ដាក់ចេញនូវសកម្មភាពឆ្លើយតប។
ក្នុងពេលចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ នាព្រឹកថ្ងៃទី០៧ ខែមេសានេះ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៩៧% ដែលអាមរិកគណនាចេញមកនោះ មិនមែនជាអត្រាពន្ធដែលកម្ពុជាយកលើទំនិញអាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧% គឺជាឱនភាព ឬកម្រិតលម្អៀត នៃជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។


ពាក់ព័ន្ធរឿងពន្ធរបស់អាមេរិកនេះ សម្តេចបានពន្យល់ថា កម្ពុជាបានគិតគូរតាំងតែជាង ២ខែមុនមកម្ល៉េះ ដោយគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសេណារីយោផ្សេងៗ អំពីការវាយតម្លៃអំពីផលប៉ះពាល់ នៃកម្រិតអត្រាពន្ធគយរបស់អាមេរិក គ្រាន់តែតែរង់ចាំមើលតើអាមេរិកដាក់ពន្ធលើកម្ពុជាដែរ ឬលើតែប្រទេសដៃគូសេដ្ឋកិច្ចធំៗរបស់ខ្លួនប៉ុណ្ណោះ។ ក្រោយមកទើបថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ត្រូវនឹងព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ អាមេរិកប្រកាសដាក់ពន្ធលើប្រទេសទាំងអស់ជិត ២០០ប្រទេស ក្នុងនោះរួមទាំងកម្ពុជាដែរ ទើបរាជរដ្ឋាភិបាល និងវិស័យឯកជនប្រជុំជាបន្ទាន់ ដាក់ចេញនូវសកម្មភាពឆ្លើយតប។
សម្រាប់ការងារចរចាអំពីបញ្ហាពន្ធនេះជាមួយអាមេរិក សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ជំហានដំបូងកម្ពុជាទម្លាក់ចំនួន ១៩បន្ទាន់ពន្ធ ដែលស្មើនឹងប្រមាណ ៨៥មុខទំនិញរបស់អាមេរិក ពី៣៥% មកនៅត្រឹម ៥%ប៉ុណ្ណោះ ដែលជាជំហានទី១ ហើយសម្រាប់ជំហានទី២ នៅពេលអាមេរិកបើកភ្លើងខៀវ ប្រតិភូជាន់ខ្ពស់កម្ពុជា នឹងហោះទៅអាមេរិកចរចាភ្លាមៗ។
សម្តេចបញ្ជាក់ទៀតថា ទោះបីជាសម្តេចមិនចាំបាច់មានអ្វី ត្រូវចេញតាមហ្វេសប៊ុកទាំងអស់ មិនបានន័យថា សម្តេចមិនបានធ្វើការនេះទេ ហើយ៤១ម៉ោង ឬ៣៧ម៉ោង គឺរាជរដ្ឋាភិបាលបានគិតល្អិតល្អន់ណាស់ ទាំងជំហាន១ និងជំហាន២ បានរៀបចំក្រុមការងារជាជំហាន២ រួចទៅហើយ ដោយបង្កើតក្រុមការងារមួយ ដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងលោកស្រី ចម និម្មល ត្រៀមបើចាំបាច់ហោះទៅធ្វើការចរចា បើអាមេរិកបើកភ្លើងខៀវភ្លាម។
ចំពោះការលើកឡើងរបស់អ្នកនយោបាយ ដែលចង់ឱ្យសម្តេចចេញទៅចរាចដោយផ្ទាល់ សម្តេចសង្កត់ធ្ងន់ថា បើការចរចាពន្ធនេះប្រធានាធិបតី Donald Trump ចូលរួមចរចា សម្តេចនឹងចូលចរចាជាមួយ នេះជាសមភាគី។
អត្ថបទ៖ ពិសិដ្ឋ រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី