នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានចុះហត្ថលេខាលើបទបញ្ជាមួយដើម្បីអនុវត្តច្បាប់ថ្មីសម្រាប់ការពង្រឹងវិធានការរបស់ប្រទេសចិនចំពោះទណ្ឌកម្មបរទេស។ នេះបើតាមរដ្ឋាភិបាលចិនកាលពីថ្ងៃចន្ទ ដែលសារព័ត៌មាន Reuters ដកស្រង់ចុះផ្សាយ។
ច្បាប់ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ប្រឆាំងទណ្ឌកម្មបរទេសរបស់ចិនដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២១ ចែងថា បុគ្គល ឬអង្គភាពដែលពាក់ព័ន្ធក្នុងការបង្កើត ឬអនុវត្តវិធានការរើសអើងប្រឆាំងនឹងពលរដ្ឋ ឬអង្គភាពនានាអាចត្រូវបានដាក់ក្នុងបញ្ជីប្រឆាំងទណ្ឌកម្មដោយរដ្ឋាភិបាលចិន។


តាមច្បាប់នេះ អ្នកដែលស្ថិតក្នុងបញ្ជីអាចនឹងត្រូវបដិសេធមិនឲ្យចូលក្នុងប្រទេសចិន ឬត្រូវបានបណ្ដេញចេញពីប្រទេសចិន។ ជាមួយគ្នានេះ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសចិនអាចត្រូវបានរឹបអូស ឬបង្កក ហើយពួកគេអាចត្រូវបានរឹតបន្តឹងមិនឱ្យធ្វើអាជីវកម្មជាមួយអង្គភាព ឬមនុស្សនៅក្នុងប្រទេសចិន។
បទប្បញ្ញត្តិថ្មីចែងលម្អិតអំពីវិស័យដែលបុគ្គល និងអង្គការបរទេសអាចត្រូវបានរឹតបន្តឹង ទាំងនោះរួមមាន៖ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សេវាច្បាប់ ការការពារបរិស្ថាន សេដ្ឋកិច្ច និងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ សុខភាព និងកីឡា។
បទប្បញ្ញត្តិនេះក៏កំណត់នូវជំហានដែលរដ្ឋាភិបាលចិនអាចអនុវត្តដើម្បីអនុវត្តវិធានការតបត ដូចជាការហាមឃាត់ ឬរឹតបន្តឹងបុគ្គល និងអង្គការពីការនាំចូល និងនាំចេញទំនិញ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដោះស្រាយជាមួយនឹងការទប់ស្កាត់ពាណិជ្ជកម្ម និងការវិនិយោគពីទីផ្សារលោកខាងលិចសំខាន់ៗ។ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ទំនិញរបស់ចិនជាមួយនឹងពន្ធបន្ថែម ២០% ចាប់តាំងពីខែកុម្ភៈ ហើយអាចមានបន្ថែមទៀតនៅដើមខែមេសា។
ជាការឆ្លើយតប ប្រទេសចិនបានដាក់ពន្ធប្រឆាំង អនុវត្តការទប់ស្កាត់លើការនាំចេញធនធានមួយចំនួន រួមទាំងរ៉ែកម្រ និងបានចាប់ផ្តើមការស៊ើបអង្កេតទៅកាន់ក្រុមហ៊ុនបរទេស។
តាមអ្នកជំនាញ ច្បាប់ប្រឆាំងទណ្ឌកម្មបរទេស គឺជាឧបករណ៍មួយផ្សេងទៀតដែលចិនអាចប្រើដើម្បីរុញច្រានប្រឆាំងនឹងរដ្ឋាភិបាលបរទេសចំពោះការបំពានលើអ្វីដែលខ្លួននិយាយថាជាសិទ្ធិក្នុងការអភិវឌ្ឍន៍របស់ខ្លួន៕
អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters