អូស្ត្រាលីនឹងពន្លឿនការចំណាយលើវិស័យការពារជាតិចំនួន ១ពាន់លានដុល្លារ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បាននិយាយនៅថ្ងៃចន្ទថា អូស្រ្តាលីនឹងពន្លឿនថវិកា ១ពាន់លានដុល្លារអូស្រ្តាលីទៀត ក្នុងចំណាយលើវិស័យយោធា នៅក្នុងកញ្ចប់ថវិកាសហព័ន្ធ ដើម្បីបង្កើនសមត្ថភាពយោធារបស់ប្រទេស រួមមានដូចជា ការផលិតអាវុធកំណត់គោលដៅជាក់លាក់ គម្រោងនាវាមុជទឹក AUKUS និងនាវាចម្បាំងស៊េរីទំនើប។

សារព័ត៌មាន Reuters បានដកស្រង់សម្តីលោក Marles ដោយនិយាយថា ថវិកាសហព័ន្ធ នឹងរួមមាន នូវការកើនឡើងបន្ថែមចំនួន ១០.៦ពាន់លានដុល្លារអូស្ត្រាលី ឬប្រមាណ ៦.៦៦ពាន់លានដុល្លារអាមេរិក សម្រាប់វិស័យការពារជាតិ ក្នុងរយៈពេល ៤ឆ្នាំខាងមុខ ខណៈវាគឺជាផ្នែកនៃផែនការបង្កើន ការចំណាយសរុប៥០ពាន់លានដុល្លារ សម្រាប់រយៈពេលមួយទសវត្សរ៍បន្ទាប់ ដែលត្រូវបានប្រកាសកន្លងមក ហើយជាកំណើន ដែលលោកអះអាងថា មានទំហំធំបំផុត គិតតាំងពីសង្គ្រាមលោកលើកទីពីរ។

តាមដានជាមួយយើង៖ Million Times

ក្នុងពិព័រណ៌ការពារជាតិ Avalon Air Show ស្ថិតនៅរដ្ឋ Victoria លោក Marles គូសបញ្ជាក់ថា «វាជាផ្នែកនៅក្នុងកំណើនថវិកា ១០.៦ពាន់លានដុល្លារអូស្ត្រាលីនោះ គឺរួមមានការពន្លឿនថវិកាចំនួន ១ពាន់លានដុល្លារបន្ថែម ហើយគឺដោយសារតែតម្រូវការក្នុងការពន្លឿនសមត្ថភាព និងការអភិវឌ្ឍរបស់អូស្ត្រាលី»។

ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួនបានទទួលនូវយានបាញ់រ៉ុក្កែតកម្រិតខ្ពស់ចំនួន ៤២ គ្រឿងដំបូងក្នុងចំណោម ៤២ គ្រឿងដែលបញ្ជាទិញពីក្រុមហ៊ុន Lockheed Martin ខណៈដែលការផលិតប្រព័ន្ធរ៉ុក្កែតដែលដឹកនាំច្រើនប្រភេទ នឹងចាប់ផ្តើមនៅក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា អូស្ត្រាលី និងសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិកផ្សេងទៀត កំពុងស្ថិតនៅក្រោមសម្ពាធពីប្រធានាធិបតី លោក Donald Trump ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters