វៀតណាមចំណេញកប់! ចិន បំពេញមហិច្ឆតាសម្រេចឲ្យតភ្ជាប់ផ្លូវដែកពីរខ្សែ

ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ទីក្រុងហាណូយក្នុងសប្តាហ៍នេះ វៀតណាមសម្រេចបានការតភ្ជាប់ផ្លូវដែកតាមរយៈគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកចំនួនពីរ ដែលត្រូវបានសាងសង់ដោយជនជាតិបារាំងកាលពីជាងមួយសតវត្សមុន។ នេះបើយោងតាមកិច្ចព្រមព្រៀងផ្សាយដោយសារព័ត៌មាន Reuters ។

មែនទែនទៅ ប្រទេសជិតទាំងពីរបានពិភាក្សាជាយូរមកហើយអំពីផែនការធ្វើឱ្យប្រសើរឡើងនូវផ្លូវដែកចំនួនពីរនេះ ទើបសម្រេចបាននៅអំឡុងដំណើរទស្សនកិច្ចលោក Xi ។ មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam បាននិយាយកាលពីថ្ងៃចន្ទថា «ការកសាងផ្លូវដែកគឺជាអាទិភាពខ្ពស់បំផុតនៅក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរ ហើយបានលើកទឹកចិត្តប្រទេសចិនឱ្យផ្តល់ប្រាក់កម្ចីសម្បទាន»។

តាមដានជាមួយយើង៖ Million Times

បើយោងតាមឯកសារកិច្ចសហប្រតិបត្តិការចុះហត្ថលេខានៅថ្ងៃទី១៤ ខែមេសា ប្រទេសចិននឹងសិក្សាលទ្ធភាពសម្រាប់ការតភ្ជាប់ផ្លូវដែកចំនួនពីរដែលគ្រោងចំណាយអស់ ៩.៩៥ លានយន់ ឬប្រមាណ ១.៣៦ លានដុល្លារ ហើយការសិក្សានឹងប្រើប្រាស់រយៈពេល ១២ខែ។ កិច្ចព្រមព្រៀងនេះទាក់ទងនឹងផ្លូវរថភ្លើងដែលតភ្ជាប់តំបន់ Guangxi ភាគខាងត្បូងប្រទេសចិនទៅកាន់រដ្ឋធានីហាណូយរបស់វៀតណាម និងខ្សែថ្មីមួយទៀតដែលនឹងតភ្ជាប់ទីក្រុងកំពង់ផែ Shenzhen និង Haiphong។ 

សូមជម្រាបថា មានផ្លូវរថភ្លើងពីណាននីង ក្នុងខេត្តក្វាងស៊ី ទៅហាណូយរួចហើយ ប៉ុន្តែអ្នកដំណើរ និងទំនិញបច្ចុប្បន្ន ត្រូវប្តូររថភ្លើងនៅព្រំដែន ដោយសារស្ថានភាពផ្លូវដែករបស់វៀតណាមដែលមានអាយុកាលតាំងពីសម័យអាណានិគមបារាំង មិនស៊ីគ្នានឹងផ្លូវល្បឿនលឿនទំនើបរបស់ចិន៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ TTX