Elon Musk ចុចឈ្មោះមហាសេដ្ឋី ៣រូបថាជាមនុស្សកំពូលឆ្លាតបំផុតលើពិភពលោក

កាលពីពេលថ្មីៗនេះ មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានកោតសរសើរចំពោះបុគ្គល ៣រូប ដែលលោកចាត់ទុកថា ជាកំពូលមនុស្សឆ្លាតបំផុតលើលោកដែលលោកបានស្គាល់ ខណៈអ្នកទាំង៣រូបនោះគឺ សហស្ថាបនិកក្រុមហ៊ុន Oracle មហាសេដ្ឋី Larry Ellison សហស្ថាបនិកក្រុមហ៊ុន Google មហាសេដ្ឋី Larry Page និងស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos។ នេះបើតាមការចុះផ្សាយពីគេហទំព័រ EconomicTimes។

តាមដានជាមួយយើង៖ Million Times

ក្នុងបទសម្ភាសផតខេស Verdict With Ted Cruz មេធំ Tesla បានសរសើរមិនដាច់ពីមាត់ ចំពោះមហាសេដ្ឋីបច្ចេកវិទ្យា Larry Page និង Larry Ellison ពីភាព​ប៉ិនប្រសប់ និង​ចក្ខុវិស័យ​អាជីវកម្ម​របស់ពួកគេ។

មនុស្សកំពូលលុយមានបំផុតលើលោក បានអះអាងថា មហាសេដ្ឋី Google គឺជាបុគ្គលសំខាន់ ក្នុងការកែប្រែ និងអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាពិភពលោក ឲ្យមានភាពរីកចម្រើនដូចសព្វថ្ងៃ ខណៈម្ចាស់ក្រុមហ៊ុន Oracle គឺជាដៃគូរកស៊ីដ៏ឆ្នើម ដែលជួយកើបផលប្រយោជន៍ដល់ក្រុមហ៊ុន Tesla អំឡុងពេលលោកមានតំណែងជាសមាជិកក្រុមប្រឹក្សាភិបាលប្រចាំក្រុមហ៊ុន ចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។

លោក Musk ក៏បានសរសើរចំពោះមហាសេដ្ឋី Jeff Bezos បើទោះជាអ្នកទាំង២ គឺជាគូប្រជែងយ៉ាងស្វិតស្វាញលើវិស័យរុករកលំហអាកាស ដ្បិតក្រុមហ៊ុន SpaceX និង Blue Origins កំពុងប្រកួតប្រជែង លើការផលិតយានអវកាស។

មេធំ Tesla បាននិយាយថា Jeff Bezos គឺជាបុគ្គលម្នាក់ដែលមានចក្ខុវិស័យវែងឆ្ងាយ ហើយតែងតែអាចយកឈ្នះនូវឧបសគ្គតូចធំ ដែលលោកធ្លាប់បានឆ្លងកាត់ក្នុងជីវិតជាសហគ្រិនកន្លងមក ដោយសារតែភាពឆ្លាតវៃ និងចេះបត់បែនគ្រប់កាលៈទេសៈ៕

អត្ថបទ៖ Luffy រូបភាព៖ AP/Reuters