រដ្ឋបាល Trump កំពុងជួលបុគ្គលិកសហព័ន្ធជាង ២ម៉ឺននាក់វិញ ក្រោយត្រូវបានបណ្ដេញចេញដោយ Elon Musk

រដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump កំពុងហៅ និងជួលបុគ្គលិកប្រហែល ២៤ ៥០០នាក់ ឲ្យមកធ្វើការវិញ បន្ទាប់ពីពួកគេត្រូវបានបណ្ដេញចេញដោយនាយកដ្ឋានប្រសិទ្ធភាពការងាររដ្ឋាភិបាល DOGE ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Daily Beast បានចុះផ្សាយថា បច្ចុប្បន្នទីភ្នាក់ងាររដ្ឋាភិបាលចំនួន១៨ បាននឹងកំពុងធ្វើការ និងហៅបុគ្គលិកតាមផ្នែករៀងៗខ្លួនឲ្យមកធ្វើការវិញ ដោយបានលួងលោមពួកគេថា ពួកគេមិនត្រូវបានបណ្ដេញចេញឡើយ គ្រាន់តែស្ថិតក្នុងការផ្អាកការងារបណ្ដោះអាសន្នប៉ុណ្ណោះ។

ការហៅបុគ្គលិកទ្រង់ទ្រាយធំត្រឡប់មកធ្វើការនៅការិយាល័យវិញ បានបង្កើតជាចម្ងល់ដ៏ធំមួយថា តើបេសកកម្មរបស់ Elon Musk ជុំវិញការកាត់បន្ថយបុគ្គលិកសហព័ន្ធ បានឈានមកដល់ទីបញ្ចប់ហើយមែនទេ ខណៈបច្ចុប្បន្នគណបក្សប្រជាធិបតេយ្យ កំពុងថ្កោលទោស Elon Musk យ៉ាងចាស់ដៃ ជុំវិញការបណ្ដេញបុគ្គលិកយ៉ាងច្រើនសម្បើម។

គួរជម្រាបដែរថា ក្នុងចំណោមទីភ្នាក់ងាររដ្ឋាភិបាលទាំង១៨ ក្រសួងរតនាគារអាមេរិក ទំនងជួលបុគ្គលិកសហព័ន្ធមកវិញច្រើនជាងគេ ប្រមាណ ៧ ៦០៥នាក់ ខណៈក្រសួងកសិកម្ម ៥ ៧១៤នាក់ និងក្រសួងសេវាកម្មសុខភាព និងមនុស្ស ប្រមាណ ៣ ២៤៨នាក់៕

អត្ថបទ៖ Luffy រូបភាព៖ Getty Images