ប្រធានាធិបតី Donald Trump បានមានគម្រោងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិការនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ដើម្បីបិទក្រសួងអប់រំអាមេរិក។ នេះបើតាមការអះអាងរបស់មន្ត្រីសេតវិមានម្នាក់ បានបង្ហើបប្រាប់ទីភ្នាក់ងារព័ត៌មាន AP ក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណ។


កន្លងមកលោក Trump តែងតែមើលងាយថា ក្រសួងអប់រំបានចំណាយវាយខ្ជះខ្ជាយ និងបំពុលដោយមនោគមវិជ្ជាសេរី ប៉ុន្តែការបិទនាយកដ្ឋានមួយនេះ ទំនងមិនអាចសម្រេចបានឡើយ បើសិនជាគ្មានការយល់ព្រមពីសភា ដែលបានបង្កើតក្រសួងអប់រំតាំងពីឆ្នាំ១៩៧៩។

ផ្អែកលើលិខិតមួយច្បាប់របស់សេតវិមាន ដែល AP បានឃើញបានឲ្យដឹងថា សេតវិមានត្រៀមបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon ធ្វើគ្រប់បែបយ៉ាង ដើម្បីពន្លឿនការបិទនាយកដ្ឋានមួយនេះ និងផ្ដល់ឲ្យរដ្ឋនូវសិទ្ធអំណាចគ្រប់គ្រងការអប់រំ ខណៈនៅតែបន្តធានាបានថា ប្រជាជនអាមេរិក នឹងនៅតែទទួលបានអត្ថប្រយោជន៍ និងការអប់រំខ្ពស់ ដោយគ្មានការរំខានអ្វីទាំងអស់។
រដ្ឋបាលលោក Trump បាននឹងកំពុងព្យាយាមលុបបំបាត់ក្រសួងអប់រំជាយូរណាស់មកហើយ ពោលបានកាត់បន្ថយបុគ្គលិកនាយកដ្ឋានមួយនេះ ច្រើនជាងពាក់កណ្ដាល និងកាត់ផ្ដាច់កញ្ចប់ចំណាយរបស់ក្រសួងអប់រំ សម្រាប់ការស្រាវជ្រាវជាដើម។

បើសិនជាលោក Trump ជោគជ័យក្នុងការបិទក្រសួងអប់រំមែន នោះរដ្ឋាភិបាលអាមេរិកនឹងសន្សំសំចៃការចំណាយបានច្រើន ដ្បិតក្នុងមួយឆ្នាំៗ នាយកដ្ឋានមួយនេះបានផ្ដល់ជំនួយទៅកាន់សាលារៀន ក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ និងផ្ដល់កម្ចីដល់សិស្សនិស្សិត រហូតដល់ ១,៦ទ្រីលានដុល្លារឯណោះ៕
អត្ថបទ៖ Luffy រូបភាព៖ AP