ក្រុមហ៊ុនរថយន្តប្រណីត Bentley ប្រកាសប្រាក់ចំណូលទាបបំផុត ចំពេលទីផ្សារកំពុងតានតឹង

កាលពីថ្ងៃទី១៩ ខែមីនា ក្រុមហ៊ុនផលិតរថយន្តប្រណីត Bentley បានប្រកាសពីប្រាក់ចំណូលរបស់ខ្លួននៅក្នុងឆ្នាំ២០២៤ ដែលមានចំនួនតិចតួចបំផុត សម្រាប់រយៈពេល ៤ឆ្នាំចុងក្រោយ ចំពេលស្ថានភាពទីផ្សាររថយន្តស៊ីវិល័យ កំពុងមានភាពតានតឹង។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន Bentley ក្នុងឆ្នាំ២០២៤ បានថយចុះ ១០% ពីជិត ៣ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ មកនៅត្រឹម ២,៦ពាន់លានអឺរ៉ូ ស្របពេលប្រាក់ចំណេញធ្លាក់ចុះរហូតដល់ ៣៧% ពី ៥៨៩លានអឺរ៉ូ មកនៅត្រឹម ៣៧៣លានអឺរ៉ូប៉ុណ្ណោះ។

នាយកប្រតិបត្តិលោក Frank-Steffen Walliser បាននិយាយថា ក្រុមហ៊ុននឹងលែងបញ្ចេញទិន្នន័យលក់រថយន្តប្រចាំឆ្នាំជាសាធារណៈ រហូតដល់ស្ថានភាពទីផ្សារ មានសភាពប្រសើរឡើងវិញ។

CEO រូបនេះបានបន្ថែមទៀតថា មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនខាតបង់ច្រើនបែបនេះ គឺដោយសារអតិថិជនគោលដៅ មានការរារែកជាមួយការចំណាយ ស្របពេលដៃគូប្រជែងលើទីផ្សារ កំពុងកើនឡើងខ្លាំង ជាពិសេសគឺក្រុមហ៊ុនរថយន្តប្រណីតៗចិន ដែលផលិតរថយន្តបំពាក់នូវបច្ចេកវិទ្យាទំនើប រចនាបថទាន់សម័យ និងប្រើប្រាស់ស្បែកប្រណីតៗ តែដាក់លក់ក្នុងតម្លៃធូរថ្លៃខ្លាំង បើប្រៀបជាមួយរថយន្តអឺរ៉ុប៕

អត្ថបទ៖ Luffy រូបភាព៖ Bentley