លោក Lee Shau Kee កំពូលអ្នកមានបំផុតមួយរូបនៅទីក្រុងហុងកុង បានទទួលមរណភាពនៅក្នុងអាយុ ៩៧ឆ្នាំ កាលពីយប់ថ្ងៃចន្ទ ទី១៧ ខែមីនា ដោយមានក្រុមគ្រួសាររបស់លោកនៅក្បែរខ្លួន រហូតដល់ដង្ហើមចុងក្រោយ។


ទីភ្នាក់ងារព័ត៌មាន VNExpress បានឲ្យដឹងថា មូលហេតុនៃមរណភាពរបស់មហាសេដ្ឋីហុងកុងរូបនេះ មិនត្រូវបានបង្ហាញឲ្យដឹងជាសាធារណៈឡើយ ប៉ុន្តែគ្រួសាររបស់លោកបានបញ្ជាក់ថា លោកបានចាកចេញទៅដោយគ្មានការឈឺចាប់ឡើយ។
គួររំលឹកបន្តិចថា លោក Lee គឺជាស្ដេចត្រាញ់ក្នុងវិស័យអចលនទ្រព្យនៅហុងកុង ដោយបានបង្កើតក្រុមហ៊ុនមួយមានឈ្មោះថា Henderson Land Development Co. Ltd. ក្នុងឆ្នាំ១៩៧៦ និងបានកាន់តំណែងជាប្រធានក្រុមហ៊ុនរហូតដល់ឆ្នាំ២០១៩ មុនផ្ទេរតំណែងឲ្យកូនប្រុសរបស់លោក Peter Lee និង Martin Lee ជាអ្នកបន្តវេន។
ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Henderson Land Development បានក្លាយជាសូចនាករយ៉ាងសំខាន់មួយ ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យទីក្រុងហុងកុង ឲ្យមានភាពរីកចម្រើនមកទល់សព្វថ្ងៃ។
លោក Lee Shau Kee ត្រូវបានសារព័ត៌មាន Forbes ចាត់ទុកជាបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុតទី២ នៅទីក្រុងហុងកុង និងបានកត់ត្រាទំហំទ្រព្យសម្បត្តិរបស់គាត់ចុងក្រោយបង្អស់ មានចំនួន ២៩ពាន់លានដុល្លារ៕
អត្ថបទ៖ Luffy រូបភាព៖ New York Times