អភិបាលក្រុង Toronto លោកស្រី Olivia Chow បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមីនាថា ក្រុមហ៊ុន Tesla នឹងលែងទទួលបាននូវអត្ថប្រយោជន៍ និងការផ្ដល់ជំនួយហិរញ្ញវត្ថុ ក្នុងការផលិតរថយន្តនៅក្នុងទីក្រុង Toronto ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងកាណាដា និងអាមេរិក។


ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា អត្ថប្រយោជន៍ដែលអាជ្ញាធរក្រុង Toronto ផ្ដល់ចំពោះក្រុមហ៊ុនផលិតរថយន្តបរទេសគឺ បន្ធូរបន្ថយថ្លៃធ្វើស្លាកលេខរថយន្ត និងថ្លៃបន្តសុពលភាព រហូតដល់ឆ្នាំ២០២៩ ប៉ុន្តែចំពោះក្រុមហ៊ុន Tesla នឹងលែងទទួលបាននូវអត្ថប្រយោជន៍មួយនេះ ចាប់ពីខែមីនាតទៅ។
លោកស្រី Chow បានសង្កត់ធ្ងន់ថា ការផ្អាកផ្ដល់ប្រយោជន៍ចំពោះក្រុមហ៊ុនមហាសេដ្ឋី Elon Musk នឹងបន្តរហូតដល់មានការដោះស្រាយដោយសន្តិវិធី ចំពោះបញ្ហាពន្ធគយដែលអាមេរិក បានដាក់មកលើប្រទេសកាណាដា។
អភិបាលក្រុង Toronto រូបនេះបានបញ្ជាក់ទៀតថា ការសម្រេចចិត្តមួយនេះ គឺជាការសងសឹកចំពោះមហាសេដ្ឋី Elon Musk និងប្រធានាធិបតី Donald Trump ដែលគំរាមកាត់យកទឹកដីកាណាដា ធ្វើជារដ្ឋទី៥១ របស់អាមេរិក និងជាការឆ្លើយតបចំពោះការដាក់គំនាបពន្ធគយ លើទំនិញរបស់កាណាដា៕
អត្ថបទ៖ Luffy រូបភាព៖ Reuters