សម្តេច ហ៊ុន សែន សរសើរលោក Trump តែរិះគន់អ្នកសារព័ត៌មានមួយចំនួនឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត

«យើងគួរតែវាយតម្លៃខ្ពស់ចំពោះលោកប្រធានាធិបតី Donald Trump ដែលមានសេចក្តីក្លាហានចេញដឹកនាំពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយចាប់​ផ្តើមពីបណ្តាញព័ត៌មានដែលផ្តល់ថវិកាដោយរដ្ឋាភិបាលអាមេរិកជាមុន»។ នេះជាសំណេរលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយបានគូសបញ្ជាក់ក្រោយរដ្ឋបាលលោក Donald Trump សម្រេចផ្តាច់ជំនួយដល់បណ្តាញព័ត៌មាន USAGM ដែលគ្រប់គ្រងលើវិទ្យុ VOA , វិទ្យុអាស៊ីសេរី និងវិទ្យុអ៉ឺរ៉ុបសេរី ជាដើម។

សម្តេច ហ៊ុន សែន កត់សម្គាល់ថា នេះជាការរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល ញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក ដែលចេញមកពីក្បាលម៉ាសុីនឃោសនាដែលលោកប្រធានាធិបតី Trump បញ្ឈប់ការផ្តល់ថវិកា។

តាមដានជាមួយយើង៖ Million Times

សម្តេចប្រធានព្រឹទ្ធសភា បានរំលឹករឿងកាលពី ៨ឆ្នាំមុនយ៉ាងដូច្នេះថា «ដូចខ្ញុំបានជំរាបអង្គប្រជុំអាស៊ាន អាមេរិកចំពោះមុខលោកប្រធានាធិបតី Trump នៅហ្វីលីពីនឆ្នាំ២០១៧ថា ការមិនទុកចិត្តលើអាមេរិកដោយប្រទេសមួយចំនួន វាក៏មានចំណែកចេញមកពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលធ្វើឲ្យប្រទេសទាំងនោះយល់ច្រឡំថា ជាគោលជំហររដ្ឋាភិបាលអាមេរិក»។

សម្តេចបានសង្កត់ធ្ងន់ថា ចរិតមាយាទ និងសំដីនៃអ្នកយកព័ត៌មាន និងអ្នកនិយាយព័ត៌មានមួយចំនួនតូចនៃបណ្តាញព័ត៌មាននេះ ឫកធំជាងប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាលទៅទៀត គ្មានគុណធម៌ និងសីលធម៌ទេ។ សម្តេចក៏បានសូមកោតសរសើរ និងសូមអរគុណលោកប្រធានាធិបតី Donald Trump ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ផេកហ្វេសប៊ុកសម្តេចតេជោ