CEO ក្រុមហ៊ុនបរទេសធំៗ នឹងសម្រុកទៅកាន់ចិនសម្រាប់កិច្ចប្រជុំកំពូលសំខាន់ៗ ហើយជួបលោក Xi

នាយកប្រតិបត្តិបរទេសរាប់សិបនាក់នឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែនេះ សម្រាប់សន្និសីទអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលអ្នកវិនិយោគិនខ្លះត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតី Xi Jinping។

សារព័ត៌មាន Reuters បានដកស្រង់ប្រភពមួួយឲ្យដឹងថា វេទិកាអភិវឌ្ឍន៍ចិនប្រចាំឆ្នាំនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣-២៤ ខែមីនា នៅឯផ្ទះសំណាក់រដ្ឋ Diaoyutai ទីក្រុងប៉េកាំង។

តាមដានជាមួយយើង៖ Million Times

CEO បរទេសធំៗដែលនឹងចូលរួម មានដូចជា FedEx, Siemen, ក្រុមហ៊ុនផលិតរថយន្ត BMW, Mercedes-Benz, អ្នករចនាបន្ទះឈីប Qualcomm, AstraZeneca, Aramco, Citadel, Rio Tinto, Deutsche Bank, McKinsey, Estee Lauder, Standard Chartered និង KPMG ។ នេះបើយោងតាមរបៀបវារៈព្រាងដែល Reuters ទទួលបាន។

ប្រភព​មួយ​បាន​និយាយ​ថា នាយក​ប្រតិបត្តិ​កំពូល​នៃ​ក្រុមហ៊ុន​រុករក​រ៉ែ វិស្វកម្ម និង​ថែទាំ​សុខភាព​ធំៗ​មួយ​ចំនួន​ក៏​នឹង​ចូល​រួម​ផង​ដែរ។ ប្រភពមួយទៀតបាននិយាយថា លោក Xi ទំនងជានឹងជួបក្រុមនាយកប្រតិបត្តិបរទេសមួយក្រុមបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលអាចរួមបញ្ចូលនាយកប្រតិបត្តិអឺរ៉ុប និងអង់គ្លេស។

ការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ១៣.៤% ធៀបនឹងឆ្នាំមុននៅក្នុងខែមករា។ នេះបើយោងតាមទិន្នន័យផ្លូវការដែលបានចេញផ្សាយកាលពីខែមុន។

ប្រភពបាននិយាយថា រាល់ការធ្វើដំណើរទៅកាន់ប្រទេសចិនដោយនាយកប្រតិបត្តិរបស់អាមេរិកនឹងមានតិចតួចបំផុត ដោយសារមានការត្រួតពិនិត្យនាពេលបច្ចុប្បន្នលើការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិនពីទីក្រុងវ៉ាស៊ីនតោន។ នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron និង AMD មិនមានក្នុងបញ្ជីរបៀបវារៈព្រាងនោះទេ ទោះបីជាបានចូលរួមកាលពីឆ្នាំមុនក៏ដោយ។

ចំណែក ក្រុមហ៊ុនអាមេរិកដែលស្ថិតនៅក្រោមការស៊ើបអង្កេត ឬការត្រួតពិនិត្យបច្ចុប្បន្នដោយអាជ្ញាធរចិន រួមទាំង Google, Illumina, PVH និង Walmart ក៏មិនបង្ហាញនៅក្នុងរបៀបវារៈព្រាងនេះដែរ។

អត្ថបទ៖ សារ៉ាយ រូបភាព៖ Reuters